អាកាសយានដ្ឋានតារាសាគរគ្រោងដាក់ឱ្យដំណើរការនៅពាក់ កណ្តាលឆ្នាំ២០២៣

0

ដោយៈ សុផារី

កោះកុងៈ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុង បានបញ្ចប់រួចរាល់១០០%  និងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២នេះ។

លោកស៊ិន ចាន់សេរីវត្ថា បានមានប្រសាសន៍ថា “អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាគម្រោងភ្ជាប់ជាមួយ គម្រោងអភិវឌ្ឍន៍ផ្សេងទៀតជាកញ្ចប់តែម្តង ក្នុងខេត្តកោះកុង។ អាកាសយានដ្ឋាននេះ សាងសង់បញ្ចប់ហើយ១០០ភាគរយ នៅតែការបំពេញកាតព្វកិច្ច ក្នុងការទទួលបានវិញ្ញា​បនបត្រប្រតិបត្តិការអាកាសយានដ្ឋាននេះ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបិទជាច្រើនលើកច្រើនសារ ដោយសារតែផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ជាពិសេសផលប៉ះពាល់ លើខ្សែចង្វាក់នៃការដឹកជញ្ជូន ការផ្គត់ផ្គង់សម្ភារៈ និងការធ្វើដំណើររបស់វិស្វករជំនាញ ដែលបានធ្វើឱ្យមានការយឺតយ៉ាវ ជាបន្តបន្ទាប់ក្នុងការបញ្ចប់ការសាងសង់។

លោកបន្តថា “បញ្ហាដែលនៅសេសសល់មួយចំនួន រួមមាន ការរៀបចំធនធានមនុស្ស ការបណ្តុះបណ្តាល ការសម្អាតការងារបន្ទាប់បន្សំ។ តាមផែនការ នៅពាក់កណ្តាលឆ្នាំ២០២៣ អាកាសយានដ្ឋាននេះនឹងអាចបើកប្រតិបត្តិការបាន”។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ៣៥០លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here