ចំនួនអ្នកដំណើរតាមផ្លូវអាកាសមកកម្ពុជាកើនឡើងជិត៦០០ភាគរយ ក្នុងរយៈពេល៨ខែដំបូង

0

ដោយ: លាងហួរ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានកត់ត្រាអ្នកដំណើរ តាមផ្លូវអាកាសចំនួន១,១៣លាននាក់ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២ កើនឡើងជិត៦០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍កាលពីថ្ងៃទី១៦ កញ្ញាថា តួលេខនេះតំណាងឱ្យការធ្លាក់ចុះ៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកបានបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥ បានដំណើរការជើងហោះហើរប្រហែល១៥៥២១លើក មកកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង១២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោកបានសន្មតថា ការកើនឡើងគួរឱ្យកត់សម្គាល់នេះ បណ្តាលមកពីការបើកព្រំដែនពេញលេញរបស់ប្រទេសកម្ពុជា ដល់អ្នកធ្វើដំណើរទាំងអស់ ដោយគ្មានការដាក់ឱ្យនៅដាច់ពីគេ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីប្រជាជនកម្ពុជាភាគច្រើន ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ការកើនឡើងបន្តិចម្តងៗនៃចំនួនអ្នកដំណើរ និងជើងហោះហើរ គឺជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកកំណើនមុនការរាតត្បាត។

មន្ត្រីរូបនេះបានបន្ថែមថា “វិស័យអាកាសចរណ៍ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន១,៧លាន ហើយបានរួមចំណែកជិត១៧ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here