តើគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់ចិនសម្រេចបានសមិទ្ធផលដុំកំភួនអ្វីខ្លះក្នុងពេល៩ឆ្នាំមកនេះ?

0

ដោយៈ សុខុម

ប៉េកាំង: កាលពី៩ឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើបង្កើត “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” (Silk Road Economic Belt) និង “ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១” (21st Century Maritime Silk Road) ជាបន្តបន្ទាប់នៅប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី។

ពេលនោះហើយជាចំណុចដែលគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative (BRI)) ជាមួយនឹងគោលបំណងកសាងបណ្តាញពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ផ្សេងៗគ្នា នៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មបុរាណទាំងនេះ បានលេចចេញជារូបរាង។

រយៈពេល៩ឆ្នាំមកនេះ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើសពីការតភ្ជាប់។

កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ដែលអនុវត្តតាមគោលការណ៍ណែនាំ នៃការពិគ្រោះយោបល់ទូលំទូលាយ ការចូលរួមចំណែក និងអត្ថប្រយោជន៍រួមគ្នា បានរីកចម្រើនយ៉ាងខ្លាំង រហូតក្លាយជាវេទិកាសកល (Global Platform) ដែលប្រទេសនានា ស្ថិតនៅតាមបណ្តោយផ្លូវទាំងនេះ ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងផ្តល់ការជំរុញបន្ថែមទៀត ដល់ការអភិវឌ្ឍសកល ចំពេលមានបញ្ហាប្រឈមនានាដ៏គួរឱ្យភ័យខ្លាច។

បន្ទាប់ពីកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ជាច្រើនឆ្នាំមកនេះ ក្របខណ្ឌតភ្ជាប់ទូទៅមួយ ដែលមានច្រករបៀងចំនួន៦ ផ្លូវតភ្ជាប់ចំនួន៦ និងកំពង់ផែ នៅក្នុងប្រទេសជាច្រើន ត្រូវបានដាក់ឱ្យដំណើរការ។

សមិទ្ធផលសំខាន់ៗរួមមានដូចជា ផ្លូវដែក Mombasa-Nairobi Standard Gauge Railway ក្នុងទ្វីបអាហ្រ្វិក ផ្លូវដែកចិន-ឡាវ (China-Laos Railway) នៅអាស៊ី កំពង់ផែ Haifa ថ្មីក្នុងប្រទេសអ៊ីស្រាអែល ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (China-Pakistan Economic Corridor) ជាដើម។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញភ័ស្តុភារថ្មីមួយរវាងអាស៊ី និងអឺរ៉ុប ត្រូវបានបង្កើតឡើង តាមរយៈសេវាកម្មរថភ្លើងដឹកទំនិញចិន -អឺរ៉ុប។ ជាមួយនឹងផ្លូវចំនួន៨២ខ្សែ ពេលនេះរថភ្លើងទាំងនេះ ទៅដល់ទីក្រុងចំនួន២០០ ក្នុងប្រទេសចំនួន២៤នៅអឺរ៉ុប ដោយបង្កើតបានជាបណ្តាញដឹកជញ្ជូនមួយដែលគ្របដណ្តប់ទូទាំងទ្វីបអឺរ៉ុប។

ការតភ្ជាប់កាត់បន្ថយឧបសគ្គបានយ៉ាងច្រើន មិនថាទាក់ទិនការសម្រ​បសម្រួលគោលនយោបាយ ការធ្វើដំណើរតាមផ្លូវ ពាណិជ្ជកម្ម រំហូរហិរញ្ញវត្ថុ។ សេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប បានដើរតួនាទីជា “ច្រកនៃជីវិត” (Passage of Life)  នៅពេលការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវិបត្តិកូវីដ-១៩។

ជាមួយនឹងការតភ្ជាប់បែបនេះ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានជំរុញកំណើន ទោះបីជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងណាក្ដី។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ ទំហំជួញដូរទំនិញសរុបរវាងប្រទេសចិន និងបណ្ដាប្រទេសនៅតាមបណ្តោយផ្លូវ “ខ្សែក្រវាត់ និងផ្លូវ” មានចំនួនជិត១១ទ្រីលានដុល្លារអាមេរិក ខណៈការវិនិយោគទាំងសងខាង មានទំហំលើសពី២៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន។

នៅអាស៊ីកណ្តាល ដោយសារមានផ្លូវហាយវ៉េចិន- កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន (China-Kyrgyzstan-Uzbekistan Highway) និងផ្លូវល្បឿនលឿនចិន-តាហ្ស៊ីគីស្ថាន (China-Tajikistan Expressway) ការដឹកជញ្ជូនតាមផ្លូវគោក ត្រូវបានកែលម្អយ៉ាងទូលំទូលាយ។ បណ្តាប្រទេសនៅអាស៊ីកណ្តាល ត្រូវបានរំពឹងថានឹងបញ្ចេញសក្តានុពល ដឹកជញ្ជូនកាន់តែច្រើនជាងមុន តាមរយៈគម្រោងផ្លូវដែកចិន- កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន (China-Kyrgyzstan-Uzbekistan Railway) នាពេលខាងមុខ។

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តល់ឱ្យតំបន់អាស៊ីកណ្តាល នូវឱកាសបំពេញកិច្ចការជាយុទ្ធសាស្ត្រ នោះគឺការចូលទៅកាន់កំពង់ផែសមុទ្រនានាដោយផ្ទាល់ និងប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៃផ្លូវហាយវ៉េ ឆ្លងទ្វីបពីប៉ែកបូព៌ាទៅប៉ែកខាងលិច និងពីប៉ែកខាងជើងទៅប៉ែកខាងត្បូង៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here