លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំមិនគួរត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈទានពាក់ព័ន្ធការអប់រំ និងការបណ្តុះសីលធម៌ ចរិយាធម៌ គុណធម៌សម្រាប់សិស្ស ដោយលើកឡើងថា ការអប់រំមិនគួរត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។

តាមរយៈសារវីដេអូនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ នាព្រឹកថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្អូនៗសិស្សានុសិស្ស ទាំងអស់ត្រូវតែខិតខំកសាងខ្លួន ដើម្បីក្លាយជាមនុស្សល្អក្នុងសង្គម មានគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងខ្លួន មិនត្រូវធ្វើខ្លួនជាបងធំ ដើរវាយតប់គ្នាបង្កបញ្ហានៅសាលារៀននោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “មិនត្រូវធ្វើបងធំដើរវាយតប់គ្នាទេ តែត្រូវបានបងធំខាងរឿងមនុស្សធម៌ ប្រមូលគ្នាសំអាតសាលារៀន ប្រមូលគ្នាដើម្បីធ្វើពលកម្ម និងជួយគ្នាទៅវិញទៅមក នោះគឺជាអ្វីដែលសង្គមចង់បាន មិនត្រូវធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាល មានកង្វល់នោះទេ”។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបានបន្តថា​ “កុំឲ្យបាត់គុណភាពអប់រំចំណេះដឹងទូទៅ តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម ព្រោះឥឡូវបរិស្ថានយើងដូរលឿនណាស់ …គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា អញ្ជឹងពឹងផ្អែកទៅលើសាលាធំ ដើម្បីការអប់រំ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ចេញពីវិទ្យាល័យឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា “ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ។ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និង ដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូ អ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលបង្កលក្ខណៈអោយជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន (ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ”។

លោកបណ្ឌិតសង្កត់ធ្ងន់ថា “ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ”។

ដើម្បីតម្រង់ទិសដល់សិស្សនៅកម្រិតសិក្សាចំណេះដឹងសិក្សាទូទៅឱ្យទទួលបានការអប់រំផ្នែកសីលធម៌ ចរិយាធម៌ និងគុណធម៌ បន្ថែមពីលើចំណេះដឹងផ្សេងៗហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចង់ឱ្យសាលាមានកម្មវិធីធ្វើកិច្ចការសង្គមផ្សេងៗ ហើយផ្តល់ពិន្ទុសម្រាប់កម្មវិធីសិក្សា។

លោក ហ៊ុន ម៉ាណែត បានរំលឹកថា កាលលោករៀនសាលាដូនពេញ មានការបង្កើតក្លឹបសិស្សពូកែ ដែលក្លឹបនេះមានការជួយសំអាតសាលា ជួយអប់រំ និងបង្រៀនគ្នាជាដើម។ លោកក៏បានលើកពីករណីនៅតាមបណ្តាប្រទេសមួយចំនួនទៀត ដែលបង្កើតកម្មវិធីឱ្យសិស្សចូលរួមកិច្ចការសង្គម ជួយដល់ប្រជាពលរដ្ឋ ដែលការងារមនុស្សធម៌ ផ្សេងៗ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ “កុំឱ្យបាត់គុណភាពអប់រំចំណេះទូទៅ ប៉ុន្តែត្រូវមានចន្លោះប្រហោងមួយទៀត ដើម្បីបំពេញបន្ថែម។ ឥឡូវបរិស្ថានសង្គមដូរលឿនណាស់ គ្រួសារកាន់តែមានលទ្ធភាព តែខ្វះពេលវេលា។ អ៊ីចឹងពឹងផ្អែកលើសាលាធំ ដើម្បីការអប់រំ។ បណ្តុះនូវគុណធម៌ សីលធម៌ និងតម្លៃក្នុងខ្លួន មុននឹងគាត់ឈានទៅឯករាជ្យ ម្ចាស់ការចូលក្នុងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here