ទីផ្សារធានារ៉ាប់រងនៅកម្ពុជារីកចម្រើនក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២០ភាគរយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២០% ដោយបានរួមចំណែក និងកំពុងដើរតួនាទីជាសមាសធាតុសំខាន់មួយ ក្នុងការទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍នៅចុងសប្តាហ៍នេះថា វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសម្រេចបាននូវអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២០%។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា “វិស័យធានារ៉ាប់រងនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២០% ជាពិសេស ទីផ្សារធានារ៉ាប់រងអាយុជីវិត ក៏បានសម្រេចបាននូវលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានរួមចំណែកយ៉ាងខ្លាំង ដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា”។

ការធានារ៉ាប់រងជាមធ្យោបាយ ដែលត្រូវបានប្រើប្រាស់ ដើម្បីការពារផលលំបាកហិរញ្ញវត្ថុធ្ងន់ធ្ងរបង្កឡើងដោយហានិភ័យ ឬអាចបកស្រាយបាន គឺជាកិច្ចសន្យាផ្លូវច្បាប់ដែលកំណត់អំពីលក្ខខណ្ឌនៃផ្ទេរ និងទទួលហានីភ័យរវាងអ្នកទិញធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង។

លោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានថ្លែងថា “អាជីវកម្មធានារ៉ាប់រងអាយុជីវិត គឺជាការវិនិយោគទុនរយៈពេលវែង​ ដែលតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាពីភាគីពាក់ព័ន្ធទាំងឡាយ”។

លោក ប៊ូ ច័ន្ទភីរូ ធ្លាប់បានថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយពីអនុក្រឹត្យស្ដីពីការធានារ៉ាប់រង ដោយអះអាងថា វិស័យនេះកំពុងដើរតួនាទីជាសមាសធាតុសំខាន់មួយ ក្នុងការទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។

លោកបន្តថា ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here