គម្រោងដំណើរការរថយន្តក្រុងអគ្គិសនីសាធារណៈក្នុងខេត្តសៀមរាបនឹងលេចរូបរាងនៅឆ្នាំ២០២៥

0

ដោយៈ សុផារី

សៀមរាបៈ ក្រោយពីបញ្ចប់គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាល បានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ៣ទៀត រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។

ក្នុងនោះ គម្រោងអនុវត្តសេវារថយន្តក្រុងអគ្គិសនីសាធារណៈ នៅក្នុងខេត្តសៀមរាប អាចនឹងលេចរូបរាងឡើង យ៉ាងយូរត្រឹមឆ្នាំ២០២៤ ឬ២០២៥។

លោកលី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសា​សន៍ថា យ៉ាងយូរត្រឹមឆ្នាំ២០២៤ ឬ២០២៥ គម្រោងអនុវត្តការប្រើប្រាស់រថយន្តក្រុងអគ្គិសនី នៅក្នុងខេត្តសៀមរាប អាចនឹងលេចរូបរាងឡើង។

លោកបានបញ្ជាក់ថា “សាលាខេត្តសៀមរាបក៏មានចក្ខុវិស័យ រយៈពេលមធ្យម និងវែងអំពីការគ្រប់គ្រងសម្រាម សំខាន់ការដាក់ឱ្យក្រុងសៀម​រាប កាត់បន្ថយការខ្ជះខ្ជាយកាបូន”។ លោកបន្ថែមថា “ដូចនេះហើយ យើងរៀបចំឲ្យមានចលនា រថយន្តក្រុងសាធារណៈប្រើប្រាស់អគ្គិសនី (E-Bus)”។

យ៉ាងណាក្តី លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងនេះស្ថិតនៅក្នុងការប្រជុំពិភាក្សា រវាងភាគីពាក់ព័ន្ធនៅឡើយ នៅមិនទាន់មានការចាប់ផ្តើមអនុវត្តគម្រោងនៅឡើយទេ។

លោកថា “នេះជាគំនិតផ្តួចផ្តើម ដោយមានការជួបប្រជុំគ្នា គិតផ្តួចផ្តើម នៅមិនទាន់មានការអនុវត្តនៅឡើយទេ”។

លោកបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន មានចក្ខុវិស័យរួមដូចរដ្ឋបាលក្រុងសៀមរាប ហើយបានបង្ហាញការគាំទ្រ លើគម្រោងនេះផងដែរ។ ក្នុងគោលដៅធ្វើឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងបៃតង ដោយមានការកាត់បន្ថយផ្សែងពុល ក្រុមហ៊ុនដៃគូ ដែលរួមមាន ម៉ូតូអគ្គិសនី រថយន្តអគ្គិសនី ។ល។ គួរត្រូវបានលើកទឹកចិត្ត និងទទួលបានការវិនិយោគ។

លោកមានប្រសាសន៍ថា “យើងសង្ឃឹមថា នាពេលអនាគតមិនយូរ ព្រោះយើងគិតថា នៅត្រឹមឆ្នាំ២០២៤ ២០២៥ អាចនឹងលេចឡើងហើយ ប្រសិនបើមានការជជែកនិងស្រុះស្រួលគ្នាបានលឿន”។

ក្រោយពីបញ្ចប់គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលបានដាក់ផែនការ កសាងហេដ្ឋារចនាសម្ព័ន្ធធំៗ៣ទៀត រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកបានបង្ហើបឱ្យដឹងថា បើតាមផែនការទីក្រុងសៀមរាប នឹងមានប្រព័ន្ធឡាន ក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលជាផ្នែកមួយនៃគម្រោងសៀមរាបទីក្រុងឆ្លាតវៃ។

កន្លងមក មានវិទ្យាស្ថានបៃតងសកល GGGI ប្រចាំនៅកម្ពុជា បានធ្វើការសិក្សាលើគម្រោងរថយន្តក្រុងអគ្គិសនី ដោយកាលពីសប្តាហ៍កន្លងមក GGGI បានធ្វើបច្ចុប្បន្នភាពរបស់គម្រោង សិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប ដល់ថ្នាក់ដឹកនាំខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here