យន្តការវាយតម្លៃដីធ្លីឱ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ចំពោះតម្លាភាពទីផ្សារអចលនទ្រព្យ

0

ដោយ៖ សុខុម

ហាណូយ: ជាការពិតណាស់ តម្លៃដីធ្លីគួរតែត្រូវបានកំណត់ដោយផ្អែកលើទីផ្សារជាក់ស្ដែង ដើម្បីនាំមកនូវតម្លាភាពកាន់តែប្រសើរនៅក្នុងទីផ្សារអចលនទ្រព្យ និងទាក់ទាញមូលធនកាន់តែច្រើន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នេះបើយោងតាមអ្វី ដែលក្រុមអ្នកជំនាញបានលើកឡើង នៅឯវេទិកាសេដ្ឋកិច្ចសង្គមវៀតណាម ឆ្នាំ២០២២ (Việt Nam Socio-Economic Forum 2022) កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា។

សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីដីធ្លី បានលុបចោលតារាងតម្លៃដីធ្លីចេញដោយរដ្ឋ ហើយមានបំណងកំណត់តម្លៃដីធ្លី ដោយផ្អែកលើទីផ្សារជាក់ស្ដែងជំនួសវិញ។

អតីតអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Đặng Hùng Võ បានលើកឡើងថា វាពិតជាចាំបាច់ណាស់ក្នុងការបន្ថែមនិយមន័យនៃតម្លៃដីធ្លីក្នុងទីផ្សារក្រោមស្តង់ដារអន្តរជាតិនៅក្នុងច្បាប់ ដែលត្រូវបានកែសម្រួល។

លោកបានគូសបញ្ជាក់ថា តម្លៃដីធ្លីក្នុងទីផ្សារគួរតែត្រូវបានកំណត់ដោយផ្អែកលើតម្លៃដីធ្លីដែលត្រូវបានទិញលក់។

លោកបានធ្វើការកត់សម្គាល់ថា នៅក្នុងប្រទេសជាច្រើន រដ្ឋបានកំណត់តម្លៃដីធ្លីក្នុងរង្វង់ប្រមាណ៧០%ទៅ៨០%នៃតម្លៃដីធ្លីក្នុងទីផ្សារ ហើយលោកបានយល់ស្របថា ធ្វើបែបនេះគឺសមហេតុផល ព្រោះតម្លៃដីធ្លីមិនគួរគ្រាន់តែផ្អែកលើតួលេខនោះទេ ប៉ុន្តែគួរតែផ្អែកលើស្ថិតិ។

លោកសង្កត់ធ្ងន់ថា វាពិតជាចាំបាច់ណាស់ដែលត្រូវរៀបចំឱ្យមានប្រព័ន្ធទិន្នន័យ (Database) ដើម្បីគណនា និងកំណត់តម្លៃដីធ្លីក្នុងទីផ្សារ។

នៅប្រទេសវៀតណាម តារាងតម្លៃដីធ្លីមានស្រាប់ដែលកំណត់ដោយរដ្ឋត្រូវបានប្រើប្រាស់សម្រាប់ការបង់ពន្ធ ឬសំណងលើការរើសចេញពីទីតាំង គឺទាបជាងតម្លៃទីផ្សារច្រើន។

យោងតាមលោក Đậu Anh Tuấn អគ្គលេខាធិការងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ឱ្យដឹងថា តំបន់នានាអាចនឹងមានការភាន់ច្រឡំនៅពេលកំណត់តម្លៃដីធ្លីសម្រាប់ការផ្ដល់សំណង។ ហើយប្រសិនបើពួកគេអនុវត្តតាមគោលការណ៍តម្លៃសំណង ត្រូវតែឱ្យស្របទៅនឹងតម្លៃដីរបស់ប្រជាជន។

លោក Hoàng Văn Cường សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិរបស់វៀតណាម លើកឡើងថា តម្លៃដីគួរតែត្រូវបានកំណត់ដោយផ្អែកលើការវាយតម្លៃដីធ្លីជាក់ស្ដែងដើម្បីធានាបាននូវស្ថិរភាព ព្រោះតម្លៃប្រែប្រួលឡើងចុះមិនទៀង ដូចនេះចាំបាច់ត្រូវរៀបចំឱ្យមានប្រព័ន្ធទិន្នន័យតម្លៃដីធ្លី។

លោក Nguyễn Thành Phong ដែលមកពីគណៈកម្មាធិការសេដ្ឋកិច្ចនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀណាម ថ្លែងថា ការអភិវឌ្ឍទីផ្សារអចលនទ្រព្យមួយប្រកបដោយតម្លាភាពនឹងនាំមកនូវឱកាសទាក់ទាញមូលធនទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Hồng Hà លើកឡើងថា តម្លាភាពនៃតម្លៃដីធ្លីនឹងជួយសម្រួលទំនាក់ទំនងរវាងរដ្ឋាភិបាល ម្ចាស់ដីធ្លី និងសហគ្រាស។

លោកលើកឡើងបន្ថែមទៀតថា តាមការរំពឹងទុក តម្លៃដីធ្លីដែលផ្អែកលើទីផ្សារជាក់ស្ដែងនឹងជួយរារាំងទប់ស្កាត់ការទិញទុកចំណេញ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Hồ Đức Phớc ថ្លែងថា ដំណោះស្រាយដើម្បីវាយតម្លៃដីធ្លីគួរតែត្រូវ បានពិនិត្យឡើងវិញដើម្បីបន្ថែមវិសោធនកម្មលើច្បាប់ស្តីពីដីធ្លី៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here