ដោយ : វុត្ថា ភ្នំពេញ៖ ខេត្តព្រះសីហនុដែលជាខេត្តមានសត្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងអចលនទ្រព្យប្រចាំប្រទេសកម្ពុជា ត្រូវបានលើកយកទៅបង្ហាញនៅក្នុងពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណាននីងនៃសាធារណៈរដ្ឋមានិតចិននាថ្ងៃទី៦ ធ្នូនេះ។ គេហទំព័រហ្វេសបុករបស់រដ្ឋបាលខេត្តព្រះសីហនុបានសរសេរថា “ខេត្តទាំងអស់នៃប្រទេសកម្ពុជាមានតែខេត្តព្រះសីហនុមួយគត់ ដែលគណៈកម្មការពិព័រណ៍ណាននីង បានជ្រើសរើសយកជាខេត្តដែលនឹងដាក់បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសនេះ។ នៅក្នុងវេទិកាពិព័រណ៍លើកទី១២នេះមានប្រទេសក្នុងក្របខណ្ឌអាស៊ានទាំង១០ នឹងត្រូវបង្ហាញសក្តានុពលរបស់ខ្លួន ទៅកាន់ភ្ញៀវទេសចរអន្តរជាតិក្នុងទីលានពិព័រណ៍ទំហំប្រមាណ១.០០០ហិកតា ដោយខេត្តព្រះសីហនុ ត្រូវបានគណៈកម្មការពិព័រណ៍ផ្តល់អាទិភាព ដើម្បីបង្ហាញភ្ញៀវអន្តរជាតិ។








