អគារ តៃប៉ិ ១០១ (TAIPEI 101) ដែលកាលពីមុនត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតៃប៉ិពិភពលោក (Taipei World Financial Center) គឺជាអគារខ្ពស់មួយស្ថិតនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ អាគារនេះត្រូវបានគេចាត់ថាជាអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោកកាលពីឆ្នាំ២០០៤ ហើយនៅតែបន្តរហូតដល់មានអគារ Burj Khalifa ក្នុងទីក្រុងឌូបៃក្នុងឆ្នាំ២០១០ ។ នៅឆ្នាំ ២០១១ អាគារនេះត្រូវបានគេផ្តល់វិញ្ញាបនបត្រ LEED ដែលជាពានរង្វាន់អគារខ្ពស់បំផុតដែលយោងទៅលើការប្រើប្រាស់ថាមពល និងបរិស្ថាន (LEED) និងក្លាយជាអាគារបៃតងខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ អគារនេះមានជណ្តើរយន្តល្បឿនលឿនបំផុតនៅលើពិភពលោកដោយធ្វើដំណើរ៦០,៦ គីឡូម៉ែត្រក្នុងមួយម៉ោងនិងយោងអ្នកដំណើរចាប់ពីជាន់ទី ៥ ដល់ជាន់ទី ៨៩ ក្នុងរយៈពេល ៣៧ វិនាទី។
- អគារដែលមានកំពស់ ១០១ ជាន់នេះត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ ហើយបានបញ្ចប់នៅឆ្នាំ ២០០៤។ អគារនេះបានក្លាយជានិមិត្តរូបនៃកោះតៃវ៉ាន់ក្នុងសម័យទំនើបចាប់តាំងពីការដាក់អោយដំណើរការជាផ្លូវការ។ អគារនេះត្រូវបានគេបង្កើតឡើងជានិមិត្តរូបចំពោះការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប និងប្រពៃណីរបស់ជនជាតិអាស៊ី។ ភាពអស្ចារ្យនៃអគារនេះត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងព្យុះទីហ្វុងនិងការរញ្ជួយដី។ បន្ថែមពីនេះទៀតក្នុងអគារដ៏ប្រណិតនេះមានផ្សារទំនើបកម្រិត មានហាងរាប់រយ ភោជនីយដ្ឋាន និងក្លឹបកំសាន្តផងដែរ។ អគារ Taipei 101 គឺជាកម្មសិទ្ធិរបស់សាជីវកម្មមជ្ឈមណ្ឌលហិរញ្ញវត្ថុតៃប៉ិ (Taipei Financial Center Corporation) ដែលកាលពីមុនគេដាក់ឈ្មោះអគារនេះថា មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកតៃប៉ិ (Taipei World Financial Center) រហូតដល់ឆ្នាំ ២០០៣ ត្រូវបានគេផ្លាស់ទៅជាអគារ Taipei 101 ។