ការកើនឡើងនៃកម្ចីឥណទានក្នុងវិស័យអចលនទ្រព្យអាចបង្កជាហានិភ័យដល់វិស័យនេះ?

0

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការផ្ដល់កម្ចីទៅក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាពី បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ដែលការកើនឡើងនេះ អាចបង្កជាហានិភ័យដល់វិស័យអចលនទ្រព្យផងដែរ បើសិនជាការគ្រប់គ្រងមិនបានត្រឹមត្រូវនោះ។

របាយការណ៍របស់ធនាគារពិភពលោក កន្លងមកបានបង្ហាញពីការព្រួយបារម្ភចំពោះ ការកើនឡើងនៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាខ្ពស់ ដែលអាចជាហានិភ័យ ពីព្រោះតែការវិនិយោគលើអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាភាគច្រើន គឺលំហូរទុនវិនិយោគពីខាងក្រៅប្រទេស។

របាយការណ៍របស់ធនាគារពិភពលោក បានបន្តក្រើនរំលឹកដល់បណ្ដាធនាគារ ដែលផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ហើយបើសិនជាវិស័យអចលនទ្រព្យ មានបញ្ហាអ្វីមួយនោះ វាក៏នឹងបង្កជាហានិភ័យដល់វិស័យហិរញ្ញវត្ថុផងដែរ ។

លោកង៉ូវ ប៊ុនថន ប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជឈីហ្វ បានលើកឡើងផងដែរថា វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ គឺមានទំនាក់ទំនងគ្នាដែលមិនអាចខ្វះបាន ហើយបើសិនជាការផ្ដល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅវិស័យអចលនទ្រព្យ និងធ្វើឱ្យវិស័យអចលនទ្រព្យរីកចម្រើន នោះវិស័យធនាគារ ក៏នឹងរីកចម្រើនដូចគ្នាដែរហើយបើសិនជាកម្ចី យកទៅប្រើប្រាស់មានបញ្ហា វាក៏នាំមកនូវបញ្ហាដល់វិស័យធនាគារនិងហិរញ្ញវត្ថុទៅជាមួយដែរ។

លោកបន្តថា “រហូតមកដល់ពេលនេះ បណ្ដាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែបន្តផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ ក្នុងនោះរួមមានកម្ចីសម្រាប់ទិញលំនៅឋាន ដែលមានចំណែកធំជាងគេ ក្នុងចំណោមអចលនទ្រព្យទាំងមូល”។លោកបន្តថា “ការបន្តផ្ដល់ឥណទានជាបន្តបន្ទាប់នេះដែរ បានជំរុញឱ្យកំណើននៃកម្ចី ក្នុងវិស័យអចលនទ្រព្យ បានកើនឡើងដូចគ្នាផងដែរ”។

ជាមួយគ្នានេះ អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានថ្លែងប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី២៨ កញ្ញា ២០២២ឱ្យដឹងថា ការផ្ដល់កម្ចីច្រើនលើសលប់ទៅលើវិស័យអ្វីមួយនោះ វានឹងប៉ះពាល់ជៀសមិនផុតឡើយ ហើយការផ្ដល់កម្ចីទៅដល់អចលនទ្រព្យ ក៏ត្រូវមើលដែរថាតើការយកកម្ចីនោះ ទៅប្រើប្រាស់ចំគោលដៅដែរឬទេ ។

អ្នកនាងបន្តថា “ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏គួរតែមានវិធានការនិងធ្វើការវាយតម្លៃ លើអចលនទ្រព្យនោះជាប្រចាំដែរ ពីព្រោះក្នុងស្ថានភាពបែបនេះ អចលនទ្រព្យមានការប្រែប្រួលតម្លៃ ក៏មានការប្រែប្រួលនិងទាម​ទា​រឱ្យមានការវាយតម្លៃ អាចមួយឆ្នាំឬ៣ឆ្នាំឬក៏៥ឆ្នាំម្ដង”។

យ៉ាងណាក្ដីក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពនៃវិស័យអចល​នទ្រព្យ មិនទាន់ត្រូវបានងើបឡើងដូចមុនវិបត្តិ តែសកម្មភាពនៃការវិនិយោគ  និងការហូរចូលនៃវិនិយោគិនបរទេស ចូលមកកម្ពុជាក៏ឃើញថាបានចាប់ផ្ដើមឡើងវិញ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសក្ដានុពលមួយចំនួន ។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណ បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស ហើយរាងកាយមនុស្សក៏ត្រូវការខ្លាញ់ ដើម្បីទ្រទ្រង់រាងកាយដែរ ប៉ុន្តែកាលណារាងកាយមានខ្លាញ់ច្រើនពេក ក៏មានបញ្ហាផងដែរ។

លោកបន្តថា “ហេតុនេះការផ្តល់ឥណទានក្នុងវិស័យនេះ ក៏គួរមានការប្រុងប្រយ័ត្ន និងថ្លឺងថ្លែងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here