ដោយៈ សុផារី
ភ្នំពេញៈ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង១លាន២សែននាក់ ដោយក្នុងឆ្នាំ២០២២នេះ ត្រូវបានចាត់ទុកថាជា ឆ្នាំចាប់ផ្តើមនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ជាតិ។
នេះបើតាមការបញ្ជាក់របស់ លោកតុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងទេសចរណ៍” នៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
លោកបានមានប្រសាសន៍ថា កាលពីមុនវិបត្តិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន៦,៦លាននាក់ ក្នុងឆ្នាំ២០១៩ ដែលអាចចាត់ទុកជាឆ្នាំកំពូល នៃវិស័យទេសចរណ៍របស់កម្ពុជា ប៉ុន្តែដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ គ្រប់ប្រទេសទទួលរងផលប៉ះពាល់ ដែលមិនមាននរណាម្នាក់ចង់ជួបឡើយ។
លោកបន្តថា “នៅឆ្នាំ២០១៩ គឺជាឆ្នាំកំពូលដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ៦លាន៦សែននាក់ ដែលបានចូលរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណ៤៩០០លានដុល្លារ ស្មើនឹង១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប”។ លោកបន្តថា “ឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងនៃការងើបឡើងវិញភ្ញៀវទេសចរអន្តរជាតិ ក្រោយការរាតត្បាតពីជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០-២០២១”។
យ៉ាងណាក្តី លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពទេសចរណ៍បរទេស បានចាប់ផ្តើមមានភាពប្រសើរឡើងវិញ បណ្តើរៗហើយ។ នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ១លាន៥សែន ទៅ២លាននាក់៕