គម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចជាង៣០០គម្រោងត្រូវបានអនុញ្ញាត នៅក្នុងតំបន់ការពារធនធានធម្មជាតិ

0

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ មានគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣០៧គម្រោង និងមានផ្ទៃដី២.៦៧០ហិកតា ត្រូវបានក្រសួងបរិស្ថាន អនុញ្ញាតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះកម្ពុជា។

គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” តាមរយៈហិរញ្ញប្បទានឥណទានពីធនាការពិភពលោក ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំប្រកាសសំខាន់ៗចំនួន៣ រួមមានទី១ ប្រកាសស្តីពីគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយរៀបចំកិច្ចសន្យាប្រើប្រាស់ទីតាំងដីក្នុងរយៈពេលមិនលើសពី១៥ឆ្នាំ។

ក្រសួងក៏រៀបចំប្រកាសស្តីពី គោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតធំ ដោយរៀបចំកិច្ចសន្យាជួលទីតាំងដី ក្នុងរយៈពេលមិនលើសពី៥០ឆ្នាំ និង៣ ប្រកាសស្តីពីការរៀបចំ និងផ្តល់សេវាកម្មសហគមន៍ទេសចរណ៍ធម្មជាតិស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ដើម្បីជំរុញសកម្មភាពនេះ ឱ្យទទួលបានជោគជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

គម្រោងមានគោលបំណងផ្តល់ការណែនាំ បង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ម្ចាស់សំណើ និងម្ចាស់គម្រោងអំពីនីតិវិធី និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ និងកំណត់វិសាលភាពនៃការអនុវត្តលើគម្រោងដែលមានទំហំដីមិនលើសពី១០ហិកតា ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័ន កែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រង ហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្រ្តីរាជការ។

លោកបន្តថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាន និងកំពុងយកចិត្តទុកយ៉ាងខ្លាំង ក្នុងបន្តការពង្រឹង ក្របខណ្ឌច្បាប់ក្នុងវិស័យបរិស្ថាន ដោយបាននិងកំពុងជំរុញការងាររៀបចំកែសម្រួល និងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា “ក្រមបរិស្ថាន និងធនធានធម្មជាតិ” រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។

លោកបានបន្តថា ក្រសួងបរិស្ថានក៏បាន និងកំពុងរៀបចំសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការងារអប់រំបរិស្ថាន ដែលក្នុងនោះមានយុទ្ធសាស្រ្ត និងផែនការ សកម្មភាព បរិស្ថានជាតិ ២០១៦-២០២៣ (NESAP) និងផែនការជាតិគ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៦-២០៣០ (NPASMP) និងការដាក់បញ្ចូលគោលដៅ គោលបំណង និងសកម្មភាពពាកព័ន្ធវិស័យបរិស្ថានទៅក្នុងដំណើរ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG)៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here