ដោយៈ គង់ សូរិយា
សៀមរាបៈ គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) បានជ្រើសរើសប្រទេសចំនួន៣ ក្នុងអាស៊ាន រួមមាន ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្ត ដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បង លើការគ្រប់គ្រងប្រកបដោយនិរន្តរភាព។
ក្នុងកិច្ចពិភាក្សានេះក្រោមវត្តមាន របស់លោកយុន លីនណេ អភិបាលរងនៃគណៈ អភិបាលខេត្តសៀមរាប និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធ។
លោកអភិបាលរងខេត្ត ក៏បានសាទរផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាត មធ្យម កត្តាសំខាន់នោះ លើកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នជាដៃគូរ សហការជាមួយសមាគមទេសចរណ៍ និងតួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និង ទេសចរណ៍ ។
ជាមួយគ្នានេះ លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេសចរណ៍ខ្នាត មធ្យមនៅក្នុងតំបន់អាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាពនែការទុកដាក់សំណល់ ចុងក្រោយ និងការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព ។ ម៉្យាងទៀតគម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយលេខាធិការដ្ឋានអាស៊ាន ។
លោកបន្តទៀតថា “គម្រោងនេះ ក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥”។ លោកបន្តថា “កាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និង ការកែច្នៃឡើងវិញប្រកបនិរន្តរភាព និង គិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុង ទេសចរណ៍គោលដៅ”៕