ដោយៈ សុផារី
ភ្នំពេញៈ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ទីផ្សារសណ្ឋាគារនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមាន នៃការងើបឡើងវិញ ខណៈមានក្តីរំពឹងថាចំនួនទេសចរអន្តរជាតិ នឹងបន្តកើនឡើងជាបន្តបន្ទាប់។
យ៉ាងណាក្តី សញ្ញាល្អប្រសើរនៃលំហូរទេសចរបរទេសនេះ បានជំរុញការងើបឡើងវិញនៃទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ច្រើនជាងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥។
របាយការណ៍ថ្មីរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ត្រូវបានគេមើលឃើញពីការបើកសណ្ឋាគារថ្មីៗជាច្រើន ដូចជា សណ្ឋាគារផ្កាយ៤ Tribe សណ្ឋាគារផ្កាយ៤ KLV និង Citadines Flatiron Phnom Penh ដែលភាគច្រើនផ្តោតសំខាន់នៅក្នុងតំបន់ខណ្ឌដូនពេញ។
ទោះបីជាមានការបើកដំណើរការទាំងនេះក្តី នាយកគ្រប់គ្រង CBRE Cambodia លោក Lawrence Lennon បានទទួលស្គាល់ថា ទីផ្សារមួយនេះប្រៀបធៀបបាននឹង “ដំរីនៅក្នុងបន្ទប់” ដែលបង្ហាញពីកង្វះអ្នកទេសចរ ដោយរហូតមកដល់ពេលនេះ មានត្រឹមតែជាង១លាននាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៦,៦លាននាក់។
លោក Lawrence Lennon បានឱ្យដឹងថា ចំនួនតិចតួចនៃទេសចរនេះបាននាំឱ្យសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ មានការកាន់កាប់ (Occupancy Rate) ប្រហែល២៥ភាគរយប៉ុណ្ណោះ ទោះបីជាបច្ចុប្បន្ននេះ សណ្ឋាគារជាច្រើន កំពុងធ្វើពិពិធកម្មក្នុងការបង្វែរ ទៅកាន់ទីផ្សារក្នុងស្រុកក៏ដោយ។
លោកបន្តថា “សណ្ឋាគារទាំងនោះក៏ងាកមកផ្តោត ដោយរកចំណូលមកពី ការជួលកន្លែងធ្វើការរួម និងអាហារ និងភេសជ្ជៈ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងការគ្រប់គ្រងក្តី”។
ពាក់ព័ន្ធនឹងលំហូរនៃទេសចរអន្តរជាតិ ចូលមកកាន់ប្រទសកម្ពុជា លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីពេលថ្មីៗថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងនៃការងើបឡើងវិញ ភ្ញៀវទេសចរអន្តរជាតិ ក្រោយការរាតត្បាតពីជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំ។
លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពលំហូរទេសចរបរទេស បានចាប់ផ្តើមមានភាពប្រសើរឡើងវិញបណ្តើរៗហើយ ដោយពេញមួយឆ្នាំ២០២២នេះ ប្រទេសកម្ពុជារំពឹងទទួលបាន ភ្ញៀវទេសចរបរទេសប្រមាណ១លាន៥សែន ទៅ២លាននាក់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត លោក Lennon បានបន្ថែមថា ចំនួន៥០ភាគរយ នៃការមកដល់ប្រទេសកម្ពុជានៃទេសចរអន្តរជាតិ បានមកពីប្រទេសថៃ ឬវៀតណាម។ អ្នកទស្សនាទាំងនេះភាគច្រើនបានមកពីអ្វី ដែលគេហៅថា “backpacker demographic” ដែលនាំឱ្យមានការរីកលូតលាស់នៅក្នុងទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ដោយកន្លែងខ្លះរាយការណ៍ថា មានការកាន់កាប់រហូតដល់១០០ភាគរយ។
បើយោងតាមលោក Lennonបានបន្តថា អ្នកវិនិយោគគួរស្វែងរកឱកាសនៃ “ចន្លោះប្រហោងក្នុងទីផ្សារ” សំខាន់ៗ នៅក្នុងខេត្តសៀមរាប ដែលត្រូវបានកំណត់ថាជា “ការវិនិយោគសុវត្ថិភាព” សម្រាប់ការវិនិយោគក្នុងទីផ្សារទេសចរណ៍៕