ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ចាប់តាំងពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុបានបើកដំណើរការសាកល្បងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២កន្លងមក ឃើញថា កំណើនភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុមានការកើនឡើងខ្ពស់ ដោយនៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ មានការកកស្ទះចរាចរណ៍ដោយអន្លើ។
អាជីវករនៅតាមតំបន់ឆ្នេរជាច្រើននាក់ បាននិយាយឱ្យដឹងថា នៅដើមខែតុលា ឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរមកលេងក្នុងខេត្តព្រះសីហនុ មានការកើនឡើងខ្ពស់តែម្ដង ជាពិសេស ភ្ញៀវទេសចរក្នុងស្រុក ហើយភាគច្រើនមកពីរាជធានីភ្នំពេញ។
-->

អ្នកស្រី សុផា អាជីវករមួយរូបនៅតំបន់ឆ្នេរអូរឈើទាល បាននិយាយថា នៅរៀងរាល់យប់ថ្ងៃសុក្រ ឬថ្ងៃសៅរ៍ភ្ញៀវទេសចរចាប់ផ្ដើមមានភ្ញៀវទេសចរចូលមកក្នុងខេត្តព្រះសីហនុ និងបានមកកម្សាន្ត ទទួលទានអាហារនៅតាមអាហារដ្ឋាននានា តាមតំបន់ឆ្នេរកាន់តែច្រើន។ ចំណែក នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានភ្ញៀវទេសចរកាន់តែច្រើន បានមកកម្សាន្ត នៅតាមឆ្នេរខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារមិត្តភក្ដិបងប្អូនរបស់ពួកគេ។
បើតាមអ្នកស្រីឱ្យដឹងថា នៅពេលមានភ្ញៀវទេសចរមកកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ ច្រើនបែបនេះ អាជីវករផ្សេងទៀត ដែលអាស្រ័យផល នៅតាមឆ្នេរក៏សប្បាយរីករាយ នឹងធ្វើឱ្យពួកគាត់ទទួលបានចំណូលច្រើនឡើងវិញ ក្រោយពីរងផលប៉ះពាល់មួយរយៈធំ នាពេលកន្លងមក។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់ ចាប់តាំងពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការសាកល្បង មានភ្ញៀវជាច្រើន បានចូលមកកាន់ខេត្តព្រះសីហនុ ដោយសារតែពួកគាត់ចង់សាកល្បងបើកបរលើផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា និងអាចធ្វើដំណើរកម្សាន្តមកកាន់តំបន់ឆ្នេរផង។

លោកបន្តថា ក្រោយការបើកដំណើរការផ្លូវល្បឿនលឿននេះដែរ ភ្ញៀវដែលមកលេងក្រុងព្រះសីហនុច្រើនជាង កាលពីអំឡុងថ្ងៃឈប់សម្រាកទៅទៀត ហើយរំពឹងថា នៅពេលឆាប់ៗនេះ កំណើនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុនឹងកើនឡើងជាងនេះទៅទៀត។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេល១បសប្ដាហ៍ដំបូង មានយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនជាង៨ម៉ឺនគ្រឿង ដោយក្នុងថ្ងៃជាធម្យមជាង១២០០០គ្រឿង ។ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ៕
