ដោយ៖ សុផារី
ភ្នំពេញ៖ ជាមោទនភាពធំបំផុត សម្រាប់ប្រទេសកម្ពុជា ជាពិសេសភូមិវត្តបូព៌ នៃខេត្តសៀមរាប ដែលទទួលបានចំណាត់ថ្នាក់លេខ៣ ជាភូមិអស្ចារ្យបំផុតនៅក្នុងពិភពលោក (The world’s coolest neighbourhoods) ប្រចាំឆ្នាំ២០២២នេះ។
នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់វេបសាយក៏ល្បីល្បាញមួយ គឺ Time Out ចេញផ្សាយនៅក្នុងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
-->

ភូមិវត្តបូព៌ មានទីតាំងស្ថិតនៅក្នុងសង្កាត់សាលាកំរើក ខេត្តសៀមរាប ជាភូមិទេសចរណ៍ដ៏ល្បីល្បាញមួយ ក្នុងចំណោមភ្ញៀវជាតិ និងអន្តរជាតិ។ Time Out បានរាយការណ៍ថា តំបន់ជុំវិញភូមិវត្តបូព៌ ដែលជាកន្លែងចំណាស់ជាងគេមួយក្នុងខេត្តសៀមរាប ត្រូវបានអភិវឌ្ឍដំបូង នៅពេលដែលទេសចរ ចាប់ផ្តើមមកទស្សនាតំបន់ប្រាសាទនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០។
ប៉ុន្តែនៅឆ្នាំ២០២១ ការផ្លាស់ប្តូរទូទាំងទីក្រុងសៀមរាប បានចាប់ផ្តើមផ្តល់ពន្លឺយ៉ាងខ្លាំងសម្រាប់ភូមិវត្តបូព៌។ ផ្លូវនៅក្នុងភូមិវត្តបូព៌បានក្លាយជាកន្លែងទាក់ទាញបំផុត សម្រាប់ជនបរទេស ដែលនិយមមកលេងបារ មកទទួលទានអាហារខ្មែរនៅក្នុងភោជនីយដ្ឋានបែបខ្មែរ និងស្នាក់នៅសណ្ឋាគារ ដែលមានរចនាប្រណីត។
ភូមិវត្តបូព៌ជាទីប្រមូលផ្តុំទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ សណ្ឋាគារ ទីកន្លែងកំសាន្ត ភោជនីយដ្ឋាន ។ល។ ដែលអាចអនុញ្ញាតិឱ្យទេសចរទាំងជាតិ និងអន្តរជាតិអាចទស្សនាកំសាន្ត និងទទួលបានបទពិសោធន៍ពិតៗអំពីជ្រុងមួយនៃប្រទេសកម្ពុជា៕
