ដោយៈ សុផារី
ភ្នំពេញៈ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានហក់កើនឡើងជាងបណ្តើរៗ ស្របពេលជើងហោះហើរ ក៏បានកំពុងមានការកើនឡើងផងដែរ។
ជាមួយគ្នា ជើងហោះហើរមួយចំនួនផ្សេងទៀត បាននិងកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។
លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី១៣ ខែតុលាកន្លងមកថា បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងទប់ស្កាត់នៃវិបត្តិនេះ ជាពិសេសបន្ទាប់ពីមានការបើកប្រទេសឡើងវិញ ជើងហោះហើរបានចាប់ផ្តើមភ្ជាប់ឡើងវិញជាបណ្តើរៗ ដោយមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួន បាននិងកំពុងតភ្ជាប់ជើងហោះហើរ របស់ខ្លួនឡើងវិញផងដែរ។
លោកបន្តឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងខែតុលា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ បានកើនឡើងជិត៣០ភាគរយ។ ចំណែកចំនួនជើងយន្តហោះ បានកើនឡើងក្នុងមួយខែៗ ចន្លោះ៣០ទៅ ៣៥ភាគរយ។
បន្ទាប់ពីរាជរដ្ឋាភិបាលដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញពេលមកកម្ពុជា។
លោករំពឹងថា ចំនួនអ្នកដំណើរតាមជើងយន្តហោះ និងការតភ្ជាប់ជើងហោះហើរ នឹងកើនឡើងកាន់តែច្រើន៕