ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនជា១២,៥ម៉ឺននាក់ត្រឹមរយៈពេលពីរថ្ងៃនៃចុងសប្តាហ៍

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកដំណើរការសាកល្បង និងជាពិសេសមិនយកកម្រៃ ពីអ្នកដំណើរ១ខែពេញយើងឃើញថា ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ មានចំនួនកាន់តែច្រើនពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍។

ជាក់ស្ដែងនៅសប្ដាហ៍ទី២នៃតុលានេះ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនរហូតដល់ជាង១២ម៉ឺន៥ពាន់នាក់ ដែលច្រើនជាងពេលបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃទៅទៀត ។ នេះបើតាមរបាយការ​ណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃទី១៦ តុលា២០២២។

លោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ចាប់តាំងពីផ្លូវល្បឿនលឿន បើកដំណើរការឃើញថាពលរដ្ឋមកលេងខេត្តព្រះសីហនុ កាន់តែមានចំនួនច្រើនឡើង ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដោយក្នុងនោះមានអ្នកនៅភ្នំពេញ អ្នកមកពីបណ្ដាខេត្តនានាដែលចង់សាកល្បង បើកបរលើផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ។

លោកបន្តថា “អ្នកខ្លះគាត់ក៏បានមកសម្រាកមួយយប់ ខ្លះទៀតគាត់ត្រលប់ទៅ ផ្ទះវិញនៅភ្នំពេញ ឬនៅបណ្ដាខេត្តជាប់នឹងភ្នំពេញ ពីព្រោះថាការធ្វើដំណើរពីភ្នំពេញ មកកំពង់សោមត្រឹមតែ២ម៉ោងប៉ុណ្ណោះ ដូច្នេះគាត់អាចមកលេងមួយថ្ងៃ ហើយអាចត្រលប់ទៅវិញក៏បាន”។

លោកបន្ថែមថា នៅពេលមានភ្ញៀវមកលេងកម្សាន្តច្រើនបែបនេះអាជីវករនៅតាមតំបន់រមណីយដ្ឋាន ជាពិសេសនៅមាត់ឆ្នេរក៏ចាប់ផ្ដើមទទួលបានចំណូលកើនឡើងវិញផងដែរ ដែលជាកត្តាល្អមួយសម្រាប់សេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងខេត្តព្រះសីហនុ ។

លោករំពឹងថា ចំនួនភ្ញៀវទេសចរនៅក្នុងខេត្តនេះ នឹងបន្តកើនឡើងជាបន្តបន្ទាប់ នៅពេលពួកគាត់បានស្គាល់ ពីផ្លូវល្បឿនលឿនកាន់តែច្បាស់ ហើយរដ្ឋបាលខេត្ត ក៏បានត្រៀមកំលាំង សម្រាប់ការពារសុវត្ថិភាពបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅក្នុងតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តផងដែរ ។

របាយការណ៍របស់ក្រុមហ៊ុន ប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចាប់តាំងពីបើកដំណើរការឱ្យសាកល្បងមក ជាមធ្យមក្នុងមួយថ្ងៃ មានរថយន្តធ្វើដំណើរឆ្លងកាត់ប្រមាណ១ម៉ឺនគ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here