ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាជំរុញលំហូរភ្ញៀវទេសចរទៅកាន់ខេត្តជាប់មាត់សមុទ្រកម្ពុជា

0

ដោយ: លាងហួរ

ភ្នំពេញ: ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវបានបើកដំណើរការកាលពីដើមខែតុលា បាននាំមកនូវលំហូរទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ មកកាន់ខេត្តជាប់មាត់សមុទ្រ រួមទាំងខេត្តព្រះសីហនុផងដែរ។

គម្រោង ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ និងស្ពានចិនមួយនេះមានតម្លៃ២ពាន់លានដុល្លារ តភ្ជាប់ពីរាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដែលជារឿងល្អមួយ សម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ព្រោះមានមនុស្សជាច្រើន។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១២៥.០០០នាក់ បានមកលេងខេត្តព្រះសីហនុ នាចុងសប្តាហ៍នេះ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានកើតឡើង បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការរយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ដោយឥតគិតថ្លៃ។

លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លូវល្បឿនលឿនគឺជាគម្រោងដ៏ធំបំផុតមួយ ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ រវាងប្រទេសកម្ពុជានិងចិន។

លោកបានប្រាប់សារពត៌មាន Xinhua ថា ផ្លូវល្បឿនលឿននេះនឹងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយសារតែផ្លូវនេះបានតភ្ជាប់រវាងរាជធានី និងកំពង់ផែទឹកជ្រៅអន្តរជាតិ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ សម្រាប់បម្រើទាំងសេដ្ឋកិច្ច និងទេសចរណ៍ ដោយសារវាជួយសម្រួលការកកស្ទះចរាចរណ៍ ចំណេញពេលវេលាធ្វើដំណើរ និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះថា យានជំនិះប្រមាណ២០ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងគេបង្អស់របស់កម្ពុជា ចាប់តាំងពីត្រូវបានបើកឱ្យសាធារណជនប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ កាលពីថ្ងៃទី១ខែតុលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here