ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ មិនចាញ់បណ្ដាខេត្តផ្សេងៗ ក្នុងតំបន់ឆ្នេរឡើយ រដ្ឋបាលខេត្តកំពត ក៏បានគ្រោងនឹងអភិវឌ្ឍន៍ឆ្នេរកម្សាន្ត នៅតាមដងព្រែកកំពង់បាយ ក្នុងឃុំជ្រុំគ្រៀលស្រុកទឹកឈូខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។
យោងតាមទំព័រហ្វេសប៊ុកមួយដែលគេដឹងជាមន្ត្រី នៅសាលាខេត្តកំពត បានបង្ហាញពីគម្រោងប្លង់ឆ្នេរ ដែលនឹងត្រូវអភិវឌ្ឍន៍ហើយគម្រោងនេះមានប្រវែង ២០០០ម៉ែត្រឬ២គីឡូម៉ែត្រ ហើយក៏បានចាប់ផ្ដើមដំណើរការស្ថាបនាជាបន្តបន្ទាប់មកហើយ ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនានិងកម្សាន្តនៅឆ្នេរដ៏ស្អាតនេះ ។
-->

អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តកំពត កំពុងញញឹមរីករាយជាមួយនឹងគម្រោងស្ថាបនាថ្មីៗរបស់រដ្ឋបាលខេត្ត ដែលជាការទាក់ទាញដល់មនុស្សមកកាន់ខេត្តកំពតកាន់តែច្រើន ដោយរំពឹងថាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ពួកគេ នឹងមានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។
លោកជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុនSunshine Real Estate ក្នុងខេត្តកំពតបានឱ្យដឹងថា គម្រោងស្ថាបនាឆ្នេរក្នុងខេត្តកំពតដែលមានប្រវែងប្រមាណ២គីឡូម៉ែត្រនេះ នឹងធ្វើឱ្យខេត្តកំពតមានរមណីយដ្ឋានថ្មី និងច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរ មកលេងក្នុងខេត្តកំពត ។ កន្លងមកភ្ញៀវទេសចរមកដល់ខេត្តកំពត ពួកគាត់ទៅលេងតែតំបន់រមណីយដ្ឋានចាស់ ដែលពួកគាត់ធ្លាប់ទៅលេងរួចទៅហើយ។ ដូច្នេះពួកគាត់ប្រាកដជាមានការធុញទ្រាន់ នឹងមិនចង់មកលេងកំពត ប៉ុន្តែនៅពេលរដ្ឋបាលខេត្តអភិវឌ្ឍន៍ឆ្នេរតាមដងព្រែកទៀតនោះ នឹងអាចឱ្យភ្ញៀវទេសទៅលេងកម្សាន្តបានយូរនិងច្រើនកន្លែង ។

លោកបន្តថា តាមរយៈគម្រោងស្ថាបនាឆ្នេរកម្សាន្ត តាមដងព្រែកនេះដែរ យើងរំពឹងថានឹងធ្វើឱ្យការលក់គម្រោងដីឡូត៏លំហែរ និងផ្ទះលំហែនៅក្នុងខេត្តកំពត ទទួលបានកំណើន និងការគាំទ្រពីពលរដ្ឋជាពិសេសពលរដ្ឋមកពីរាជធានីភ្នំពេញ ដែលមានតម្រូវការផ្ទះលំហែរ សម្រាប់ទុកសម្រាកលំហែនៅថ្ងៃចុងសប្ដាហ៍ឬនៅ ថ្ងៃឈប់បុណ្យទានជាដើម ។
លោកបានបញ្ជាក់ថា “ពេលនេះ កំពតនិងភ្នំពេញមិនឆ្ងាយពីគ្នាទេ គឺមានផ្លូវស្រួល អាចមកលេងកំពតហើយវិល ត្រលប់ទៅភ្នំពេញវិញនៅពេលល្ងាចបានយ៉ាងងាយស្រួល ដោយមានផ្លូវច្រើនខ្សែតភ្ជាប់ពីភ្នំពេញ មកកាន់ទឹកដីខេត្តកំពត”។
ជាមួយគ្នានេះ លោកកែវ សុជាតិ ប្រធានក្រុមហ៊ុន KW Kampot បានឱ្យដឹងថា ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តកំពត គ្មានអ្វីក្រៅពីការផ្គត់ផ្គង់ សម្រាប់វិស័យទេសចរណ៍នោះទេ ដូចជា ផ្ទះលំហែ ភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារនិងរីសតជាដើម។ លោកបន្តថា ដូច្នេះ នៅពេលកំណើនភ្ញៀវទេសចរមកកាន់ខេត្តកំពត កាន់តែធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងខេត្តនេះ ប្រឹងបន្តធ្វើសកម្មភាពអភិវឌ្ឍន៍ ផ្ដោតទៅលើវិស័យទេសចរណ៍នេះឯង៕
