កោះស្តេចឧត្តមភាពទាំងឈ្មោះ និងធនធានធម្មជាតិលាក់ខ្លួន ពីក្រសែទេសចរណ៍

0

  ដោយៈ ស៊ីវ ម៉េង

    កោះកុងៈ ជំនោរសមុទ្រត្រជាក់ស្រឹប អង្គុយអាំងមឹកញាំជាមួយទឹកត្រីកោះកុង ហែលទឹកកំសាន្តមើលផ្កាថ្ម និងមច្ឆាចម្រុះព៌ណ ចេញពីឆ្នេរទៅកាន់តំបន់ទឹកជ្រៅ ស្ទូចត្រីកំសាន្តប្រហែលមិនមែនជាទិដ្ឋភាព ដ៏រសរវើក ដែលអ្នកមិនធ្លាប់គិតដល់នោះទេ។

ពេលវេលាចុងសប្តាហ៍ ទំនងជាវេលាសមរម្យជាងគេ សម្រាប់ការដើរកំសាន្តទៅកាន់កោះមួយ ដែលមានឧត្តមភាពទាំងឈ្មោះ និងធនធានធម្មជាតិដ៏សម្បូរបែបនៅលើទឹកដីដ៏ស្រស់បំព្រងមួយនេះ។

តាមពិតទៅ កោះ​ស្ដេច​ គឺជា កោះ​ធម្មជាតិ​មួយ ឋិត​នៅ​ក្នុង​​ភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុក​គីរីសាគរ ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​មាន​​ចម្ងាយ​ប្រមាណ​៨១គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កោះកុង។ កោះ​ស្ដេច​ មាន​ចំងាយ​ប្រមាណ​២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ជា​ពីរ​ដំណាក់​កាល​ គឺ​ផ្លូវ​គោក និង ​ផ្លូវ​ទឹក​ ដោយ​ជិះ​អូប័រ​ (ទូក​តូច​ដែល​មាន​ល្បឿន​លឿន)។

រមណីយដ្ឋាន​កោះស្ដេច មាន​ឆ្នេរ​ខ្សាច់ស​​ស្អាត មាន​ផ្ទះ​សំណាក់​ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែលំហើយ​ ព្រោះ​មាន​កោះ​ជាច្រើន​នៅ​ជុំ​វិញ និង ព្រៃ​ធម្មជាតិ។

ក្រោម​ការ​បណ្តាក់ទុន​វិនិយោគ និង​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ចិនUNION GROUP កោះ​ស្តេច​ស្ថិត​នៅ​ស្រុក​គិរី​សាគរ ខេត្តកោះកុង នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​លំហ​សមុទ្រ ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុតនាពេលអនាគត។

កោះ​ស្តេច​ត្រូវ​ក្រុមហ៊ុន​វិនិយោគ UNION GROUP ដាក់​ទុន​វិ​និយោគ​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទំនើ​ប និង​មាន​ភាព​ល្បីល្បាញ​នៅ​កម្ពុជា គួប​ផ្សំ​ទៅ​នឹង​ការ​អភិវឌ្ឍ​ច្រក​សេដ្ឋកិច្ច​ដឹក​ជញ្ជូន​ខ្នាត​អន្តរជាតិ​ដ៏​ធំ​ភ្លា​ប់​ទៅ​នឹង​ពិភពលោក។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​ចាប់អារម្មណ៍​ថា លោក​គាំទ្រ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍ ​រមណីយដ្ឋាន​តំបន់ឆ្នេរ​តាម​បែប​ទេស​ចរណ៍​វិស្សម​កាល ដែល​កំពុង​ជំរុញ​ល្បឿន​យ៉ាង​សកម្ម​ដូច​សព្វ​ថ្ងៃនេះ។

លោក​រដ្ឋមន្ត្រី​អះអាង​ថា “នេះ​ជា​គោលដៅ​ទេសចរណ៍ ឬ​ក៏​ជា​ផលិត​ផល​ទេសចរណ៍​ថ្មី​មួយទៀត សម្រាប់​ទាក់ទាញ​អ្នកទេសចរ​បរទេស​នៅ​ច្រករបៀង​ទិស​ខាងត្បូង ​ឲ្យ​កាន់តែ​មើលឃើញ​ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា”។

ទន្ទឹម​នឹង​នេះ​លោក​ថោ​ង ខុន រំពឹង​ថា នៅ​ឆ្នាំ​២០២០ អ្នកទេសចរ​ចិន​នឹង​ចេញ​ដើរ​លេង​ច្រើន​ ជាង​អ្នកទេសចរ​នានា​លើ​ពិភពលោក។ ចំពោះ​កម្ពុជា ​ក៏​បាន​យកចិត្តទុកដាក់​ទៅ​លើ​អាទិភាព​ ទាក់ទាញ​អ្នកទេសចរ​ចិនឲ្យ​បាន​ច្រើន​ ​ក្រោម​រូបភាព​ដាក់​យុទ្ធសាស្ត្រ​ជា​ច្រើន ​ដោយ​សហការ​ជាមួយ​ផ្នែក​ឯកជន ។

កាលពី​១០​ទៅ​២០​ឆ្នាំ​មុន តំបន់​កោះ​សេ្ត​ច គឺជា​ច្រក​ល្បីល្បាញ​ឈ្មួញ​រកស៊ី​នាំ​ទំនិញគេចពន្ធ ​ពី​លំហ​សមុទ្រ​ចូល​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ តែ​ឥឡូវនេះ ​តំបន់​កោះ​ស្តេច​កំពុង​បោះ​ជំហាន​ ទៅ​រក​ការ​អភិវឌ្ឍ​មួយ​មាន​តម្លាភាព។ តំបន់​កោះ​ស្តេច​បច្ចុប្បន្ន​ ​​កំពុង​អភិវឌ្ឍន៍​ក្នុង​សភាព​លាក់ខ្លួន ស្ទើរតែ​មាន​មនុស្ស​តិច​ណាស់​​ បានឃើញ​ការ​អភិវឌ្ឍ​នៅ​ទីនោះ ។ ទោះជា​យ៉ាងណា​ក្តី ការ​អភិវឌ្ឍ​តំបន់​កោះ​ស្តេច​បាន​លេចឮ ​ដល់​កាសែត​នៅ​អឺ​រ៉ឺ​ប និង​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​រួច​ជា​ស្រេច​ទៅ​ហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here