អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាបសម្រេចបានវឌ្ឈន ភាពល្អប្រសើរ

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០សម្រេចបាន៤៤​ភាគរយ​ហើយ

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​ ២០២៣​។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ​២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) លើ​ផ្ទៃដី ៧០០,០៦​ ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ៨៨០​លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រចាំ​ឆ្នាំ​រយៈពេល​ខ្លី-​មធ្យម៧​លាន​នាក់​ក្នុង១​ឆ្នាំ។

ក្នុងដំណាក់កាលទី១ ក្រុមហ៊ុន​ត្រូវ​ចំណាយ​ទុន​ជាង៥០០​លាន​ដុល្លារ និង​រយៈពេល​វែង​ទទួលបាន២០​លាន​នាក់​ក្នុង១ឆ្នាំ ​ដែល​ត្រូវ​ចំណា​យ​ទុន​ជាង៣០០​លាន​ដុល្លារ​បន្ថែមទៀត​។ សម្រាប់​សមត្ថភាព​ទទួល​ទំនិញ​ប្រចាំឆ្នាំ​វិញ​គឺ​ក្នុង​រយៈពេល​ខ្លី​- ​មធ្យម១០,០០០ ​តោន​ក្នុង១​ឆ្នាំ និង​រយៈពេល​វែង៦០,០០០តោន​។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​និងជាអនុរដ្ឋលេខាធិកាតរនៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍នេះថា គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២២ ការសាងសង់​អាកាសយានដ្ឋាន​សៀមរាប​-​អង្គរ សម្រេច​បាន៤៤ភាគរយ​ហើយ ហើយ​រំពឹង​កើនឡើង​ដល់៧០ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២២នេះ​។ តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ លើកដំបូង​នៅ​ខែ​តុលា ឆ្នាំ ​២០២៣ ប្រសិនបើ​ពុំមាន​ផលប៉ះពាល់​អ្វី​ជាយ​ថាហេតុ​កើតឡើង​។

លោកបន្តថា “ការ​សាងសង់​យឺត​ជាង​ផែនការ​បន្តិចបន្តួច​នេះ បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើ​ដំណើរ​របស់​ក្រុម​វិស្វករ​មកពី​ប្រទេស​ចិន​ ភាពយឺតយ៉ាវ​ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​សម្រាប់​សាងសង់ និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់ជាង​ពេល​ធម្មតា​”។

យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ ​ដោយ AIAI គឺ​ការងារ​សាងសង់​គម្រោង​ទាំងមូល ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរ​ការសាកល្បង​នៅក្នុង​ខែតុលា ឆ្នាំ​ ២០២៣​។

បន្ទាប់ពី​ដំណាក់កាល​ទី​១ ត្រូវ​បាន​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹង​មាន​សមត្ថភាព​ទទួល​យន្តហោះ​ រហូត​ដល់​កូដអឺ (Code E: A-340-300, A350-900 និង B777-200/300ER, B747-300/400) ចំនួន៣៨​ចំណត ទទួល​អ្នកដំណើរ​បាន៧​លាន​នាក់ ក្នុង​ឆ្នាំ​ ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here