ដំណឹងល្អៈ ទំហំខេត្តប៉ៃលិននឹងកើនឡើងជាង១ម៉ឺនហិកតាក្រោយរដ្ឋបាលខេត្តទាំងពីររៀបចំព្រំប្រទល់រួច

0

ដោយៈ សុផារី

បាត់ដំបងៈ ផ្ទៃដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះនៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានណែនាំនិងទុកពេលឲ្យចំនួន២សប្តាហ៍ រឿងព្រំប្រទល់មិនច្បាស់លាស់ រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ និងក្រុមការងារអញ្ជើញដឹកនាំមន្ត្រីជំនាញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី សំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែតុលា ដោយមានការចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ បានកំណត់យ៉ាងច្បាស់លាស់ រវាងព្រំប្រទល់ខេត្តទាំងពីរ មិនឱ្យស្រពិចស្រពិលដូចមុនទៀតឡើយ គឺដើម្បីបំរើដល់ផលប្រ​យោជន៍ប្រជាពលរដ្ឋ កុំឱ្យមានការលំបាកដូចមុនទៀត ដោយបានឯកភាពគ្នា កាត់ដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះនៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ។

លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យអ្នកយកព័ត៌មានដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលាកន្លងមកថា ព្រំប្រទល់ ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួលលើចំណុចមួយចំនួនដូចជា ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ១.៣៧៦ហិកតា។ ទី២ ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ៣.៦១៨ហិកតា និងទី៣ ស្នើសុំកែសម្រួលតាមគោលធម្មជាតិ (ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ៦.៦៨៥ហិកតាផងដែរ។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ដែរថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់​គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធីនៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កាត់តម្រឹម ព្រំប្រទល់រដ្ឋបាលជាក់លាក់ជាថ្មីឡើងវិញ រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងនោះយ៉ាងហោ​ចណាស់ផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តបាត់ដំបង ត្រូវផ្ទេរប្រគល់ទៅខាងរដ្ឋបាលខេត្តប៉ៃលិន កាន់កាប់វិញចំនួន៣ទីតាំងនិង៣ស្រុក ក្រោយពីចុះហត្ថលេខាទទួលស្គាល់ព្រំប្រទល់កែសម្រួលរួចហើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here