ខេត្តកំពតទាក់ទាញទេសចរណ៍ជាង១,៤លាននាក់ ខណៈហេដ្ឋារចនា សម្ព័ន្ឋទេសចរណ៍កំពុងរៀបចំបន្ថែម

0

   ដោយៈ គង់ សូរិយា

       កំពតៈ ខេត្តកំពតកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាន់តែច្រើន ដោយដំណាច់ត្រីមាសទី៣នេះ ខេត្តជាប់តំបន់ឆ្នេរមួយនេះទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ១,៤លាននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២១ តុលាកន្លងមកថា ចំនួនភ្ញៀវទាំងបរទេស និងខ្មែរកើនឡើងជាង១០០ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។ ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិផ្ទៃក្នុង បានកើនឡើងដល់ចំនួនជាង៣៥០០០នាក់ កើនឡើងជាង៣០០ភាគរយធៀបរយៈពេលដូចគ្នានឹងឆ្នាំមុនផងដែរ។

លោកបន្តថា “ជាមួយនឹងកំណើនប្រកបដោយសុទិដ្ឋិនិយមនេះ យើងរំពឹងថា ខេត្តនឹងទាក់ទាញភ្ញៀវបានកាន់តែច្រើនថែមទៀត ដោយបច្ចុប្បន្ន ខេត្តកំពុងរៀបចំសួនច្បារពីរកន្លែង នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ”។

លោកសយ ស៊ីណុលបានបន្តថា សួនច្បារទាំងពីរកន្លែងនេះ ទី១មានបណ្តោយប្រវែងប្រមាណ៨០០ម៉ែត្រ ដែលសាងសង់នៅចន្លោះស្ពានចាស់ និងស្ពានថ្មី  ទី២ មានបណ្តោយជាង២០០០ម៉ែត្រ ស្ថិតនៅតាមព្រែកកំពង់បាយ ឆ្ពោះទៅកាន់មាត់សមុទ្រ។

លោកបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នខេត្តកំពត មានរមណីយដ្ឋានចំនួន២១ សហគមន៍ទេសចរណ៍ចំនួន៤ តំបន់ទាក់ទាញចំនួន៤ កន្លែងបោះតង់ចំនួន៤ រីសត និងបឹងហ្កាឡូចំនួនជាង៣០កន្លែង និងមានការសាងសង់ផ្ទះលំហែរ សម្រាប់ជួលនៅតាមជើងភ្នំមួយចំនួនទៀត។

ខេត្តកំពត ជាខេត្តមួយជាប់តំបន់ឆ្នេរ ដែលអ្នកជំនាញទេសចរណ៍ចាត់ទុកឬហៅតំបន់ឆ្នេរជាតំបន់K4 ដែលK4 សំដៅដល់ខេត្តកំពត កែប កំពង់សោម និងខេត្តកោះកុង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here