ដោយៈ វឌ្ឍនៈ
កំពតៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីសម្រាប់ផលិតអំបិលនៅក្នុងខេត្តកំពត និងខេត្តកែប កាន់តែបាត់បង់បន្តិចម្ដងៗ ក្រោយពីដីស្រែអំបិលកំពុងត្រូវប៉ាន់ជាដីឡូត៏ និងដីលំនៅឋានហើយកសិករដែលជាម្ចាស់ដីស្រែអំបិលនេះ ក៏បានស្នើសុំអាជ្ញាធរកែប្រែដីស្រែអំបិល ទៅជាប្រភេទដីលំនៅឋាននិងដីអាជីវកម្មជាដើម។
ប្រជាកសិករផលិតអំបិលមួយរូប រស់នៅក្នុងសហគមន៍មួយក្នុងខេត្តកំពតបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥ តុលាថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតអំបិលរបស់កសិករកាន់តែថមថយ ដោយកត្តាធម្មជាតិភ្លៀងធ្លាក់មិនទៀងទាត់ បូករួមជាមួយនឹងកង្វះពលកម្មសម្រាប់បម្រើការនៅក្នុងស្រែអំបិលផងនោះ ធ្វើឱ្យកសិករមួយចំនួនបានបោះបង់របរនេះចោល ដោយទុកស្រែអំបិលនៅទំនេរ ខ្លះទៀតនៅខិតខំប្រឹងប្រែងស្វែងរកទុនកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុសម្រាប់បន្តអាជីវកម្មមួយនេះ ។
លោកខាត់ សាមឿនកសិករផលិតអំបិលមួយរូប នៅក្នុងខេត្តកំពតបានមានប្រសាសន៍ថា កាលពីមុនការផលិតអំបិល នៅក្នុងខេត្តកំពតមិនខ្វះទេកំលាំងពលកម្ម ហើយអាចរកបានក្នុងតម្លៃសមរម្យទៀតផង តែក្រោយពេលវិស័យសំណង់រីក ដុះដាលរោងចក្ររីកដុះដាល យុវជនដែលពេញកំលាំង ក៏បានទៅរកការងារនៅក្នុងម្លប់ក្នុងរោងចក្រ និងខ្លះទៀតទៅធ្វើការនៅការដ្ឋានសំណង់ ដែលអាចរកកម្រៃបានច្រើន និងមិនសូវធ្ងន់ដូចក្នុងស្រែអំបិល។ ហេតុនេះហើយទើបធ្វើឱ្យការផលិតអំបិល នៅក្នុងសហគមន៍ខេត្តកំពតកាន់តែមានចំនួនតិចទៅៗ ។
ដីស្រែអំបិលមួយចំនួនទាំងនៅក្នុងខេត្តកែប និងនៅក្នុងខេត្តកំពតត្រូវបានមើលឃើញថា កំពុងកែប្រែទៅជាដីអាជីវកម្ម ដីលំនៅឋាន ដោយពលរដ្ឋម្ចាស់ដីស្រែអំបិលចាក់ដីបំពេញ សម្រាប់សង់ផ្ទះឬក៏ចាក់បំពេញសម្រាប់ធ្វើអាជីវកម្មសង់ហាងកាហ្វេ តូបលក់ចាប់ហួយជាដើម។
ប៉ុន្តែយ៉ាងណាក្ដី អតីតប្រធានសហគមន៍ផលិតអំបិល នៅក្នុងខេត្តកំពតលោកអ៊ុំឈុន បានលើកឡើងថាការកែប្រែដីស្រែអំបិល ទៅជាប្រភេទដីផ្សេងៗនោះ នឹងមិនប៉ះពាល់ដល់ការផលិតអំបិលនោះទេ ផ្ទុយទៅវិញមានដីស្រែអំបិលច្រើនណាស់ ដែលទុកទំនេរចោលដោយមិនបានបង្កបង្កើនផល ។
លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយប្រចាំខេត្តកំពតបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ខេត្តកំពតនិងកែបជាខេត្តដែលមានសក្ដានុពល ក្នុងការផលិតអំបិលក្រៅពីនោះមិនមាននោះទេ។ដូច្នេះ បើសិនជាអាចយើងគួររក្សាដីស្រែអំបិលនេះទុក ទោះបីជាមិនផលិតក៏អាចទុកជាកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ពីព្រោះថានៅពេលភ្ញៀវទេសចរ មកដល់ខេត្តកំពតហើយមើលពីរបៀបផលិតអំបិល ដែលគេបរិភោគរាល់ថ្ងៃច្បាស់ណាស់គេនឹងមករកស្រែអំបិលក្នុងខេត្តកំពត តែបើសិនជាលុបស្រែអំបិលចោលអស់ ឬកាន់តែបាត់បង់នោះអាជីវកម្មផលិតអំបិល ក៏កាន់តែតិចទៅតាមហ្នឹងដែរ ។
កាលពីប៉ុន្មានថ្ងៃនេះ កម្ពុជាបានប្រកាសពីការនាំចូលអំបិលពីប្រទេសឥណ្ឌារាប់ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់សព្វថ្ងៃ ហើយការនាំចូលនេះមិនមែនជាលើកទី១ សម្រាប់ប្រទេសផលិតអំបិលរបស់ខ្លួនឡើយ៕