ដោយ៖ សុផារី
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣”។
សេចក្តីព្រាងច្បាប់នេះ បង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ និងវិធានការពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌថវិកាឆ្នាំ២០២១។
សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុងអត្រា៣,០% ទាបជាងការព្យាករក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនេះបន្តិច ដោយសារការផ្ទុះឡើងនៃ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១” គួបផ្សំនឹងការលេចចេញនូវវីរុសបំប្លែងខ្លួនប្រភេទថ្មី ដូចជា អូមីក្រុងជាដើម ទាំងក្នុងបរិការណ៍សកល តំបន់ និងក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ជាពិសេសលើអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងវិស័យគាំទ្រទសចរណ៍ផ្សេងទៀត។
ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ជារួម ត្រូវបានរួមចំណែកទ្រទ្រង់ដោយការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងនៃថ្លៃកសិផលលើទីផ្សារអន្តរជាតិ។និន្នាការវិជ្ជមានទាំងនេះ បានផ្ដល់ភាពល្អប្រសើរ និងគាំទ្រដល់វិស័យ និងអនុវិស័យដែលពឹងផ្អែកលើការនាំចេញ រួមមាន អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងវិស័យកសិកម្ម។ ការអនុវត្តតាមវិស័យនីមួយៗបង្ហាញថា វិស័យកសិកម្មជារួម សម្រេចបានកំណើនល្អប្រសើរក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២១ ដោយសារកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ខណៈដែលអនុវិស័យនេសាទមានកំណើនអវិជ្ជមាន។
“ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” បានរំខាន និងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ព្រមទាំងបានបង្ហាញនូវបច្ច័យអវិជ្ជមានកាន់តែច្បាស់ តាមរយៈការធ្លាក់ចុះនៃលទ្ធផលនៃការប្រមូលចំណូលក្នុងស្រុកក្នុងឆ្នាំ២០២១ ធៀបនឹងចំណូលក្នុងស្រុកដែលប្រមូលបានក្នុងឆ្នាំ២០២០។
ទោះបីជាក្នុងឆ្នាំ២០២១ ការប្រមូលចំណូលក្នុងស្រុកជារួម សម្រេចបានទាបជាងលទ្ធផលក្នុងឆ្នាំ២០២០ លទ្ធផលនេះសម្រេចបានខ្ពស់ជាងការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុប្រមាណ៦,៤% ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ និងបានចូលរួមផ្ដល់លទ្ធភាពថវិកាក្នុងការបំពេញតម្រូវការនៃចំណាយសាធារណៈក្នុងការធ្វើអន្តរាគមន៍ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាក្នុងការគ្រប់គ្រងលើ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ព្រមទាំងបន្តរក្សាបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ។
ចំណាយសរុបថវិការដ្ឋ ក្នុងឆ្នាំ២០២១ អនុវត្តបានប្រមាណ ស្មើនឹង៩៨,១%នៃច្បាប់ហិរញ្ញវត្ថុ និងកើនឡើង៩,៨% ធៀបនឹងឆ្នាំ២០២០។ កំណើនគួរឱ្យកត់សម្គាល់នៃចំណាយ ចំណាយ គឺដោយសារការកើនឡើងខ្ពស់នៃចំណាយអន្តរាគមន៍ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ដើម្បីរក្សាលំនឹងជីវភាពប្រជាជន ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងអ្នកបាត់បង់ការងារ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិការណ៍កម្ពុជាបានប្រឈមនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូររៀបចំ និងអនុវត្តក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចនូវគោលដៅសំខាន់ៗនកម្មវិធី នយោបាយយុទ្ធសាស្តចតុកោណ ដំណាក់កាលទី៤ និងផនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។
សរុបមក ថវិកាឆ្នាំ២០២១ ត្រូវសន្និដ្ឋានថា ជាគោលនយោបាយដ៏មានប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅ នឹងបញ្ហាប្រឈម និងហានិភ័យផង ទាំងក្នុង និងក្រៅប្រទេស ហើយត្រូវបានប្រសិទ្ធនាមថាជា “ថវិកាប្រយុទ្ធការពារ អាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះ ទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕