ដោយៈ សហសេវិក
កណ្តាលៈ ជាតំបន់ដែលធ្លាប់ស្ងប់ស្ងាត់ អាគារជាច្រើនត្រូវបានទុកចោល តំបន់ព្រំដែនជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាលបានក្លាយជាមូលដ្ឋានសេដ្ឋកិច្ច និងលំហូរពាណិជ្ជកម្មយ៉ាងរសរវើកថ្មីមួយ។
អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរឆាប់រហ័ស ជាមួយនឹងផ្លូវថ្មី មន្ទីរពេទ្យ សាលារៀន និងអគារពាណិជ្ជកម្ម ដែលបំពេញបន្ថែមដោយសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់រាយដែលតុបតែង ផ្លូវតាមបណ្តោយស្ពានមិត្តភាពជ្រៃធំ-ឡុងប៊ិញ។
-->
នេះក៏ព្រោះតែទីកន្លែងនេះ មានទីតាំងជាយុទ្ធសាស្ត្រតាមផ្លូវពាណិជ្ជកម្មឆ្លងព្រំដែន ដែលកំពុងអភិវឌ្ឍយ៉ាងលឿន ជាមួយប្រទេសវៀតណាម។ ខណៈដែលប្រទេសថៃក្លាយជាអ្វី ដែលមិនអាចទុកចិត្តបានខាងនយោបាយ ហើយរាជរដ្ឋាភិបាល បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់ប្រទេសវៀតណាម។
ស្ពានជ្រៃធំដែលបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧ បានក្លាយជាផ្លូវដ៏សំខាន់ សម្រាប់ផ្លាស់ទីទំនិញ រវាងមជ្ឈមណ្ឌលឧស្សាហកម្មរបស់កម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត-និងប្រទេសវៀតណាម។
ទីប្រជុំជនជ្រៃធំ ក្នុងខេត្តកណ្តាល កំពុងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនៃការវិនិយោគពីបរទេស និងសកម្មភាពឆ្លងព្រំដែន ដែលកំពុងកើនឡើង ដោយដាក់ទីតាំងតំបន់នេះ ជាច្រកទ្វារដ៏សំខាន់បន្ទាប់របស់កម្ពុជាសម្រាប់ពាណិជ្ជកម្មជាមួយវៀតណាម បន្ទាប់ពីបាវិត ដែលជាច្រកព្រំដែនដ៏ធំបំផុតរវាងប្រទេសទាំងពីរ។
ស្របពេលការបន្តបិទព្រំដែន និងភាពតានតឹងដែលមានទៅលើពាណិជ្ជកម្មជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរកាន់តែខ្លាំងនូវទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅទិសខាងកើតទៅរកប្រទេសវៀតណាម ដែលជាប្រទេសជិតខាង មានស្ថិរភាពយូអង្វែង សន្តិភាព និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
ការផ្លាស់ប្តូរគោលនយោបាយនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់ទីក្រុងភ្នំពេញ ក្នុងការធានាច្រករបៀងពាណិជ្ជកម្មថ្មីបន្ថែម ធ្វើឱ្យសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងធានាបាននូវនិរន្តរភាពអាជីវកម្ម ចំពេលមានការរំខានពីខាងក្រៅ ដោយគូសបញ្ជាក់អំពីវិធីសាស្រ្តសកម្មរបស់រដ្ឋាភិបាល ក្នុងការការពារឧស្សាហកម្មនាំចេញរបស់កម្ពុជា និងបណ្តាញពាណិជ្ជកម្មឆ្លងដែន។
ម្ចាស់អាជីវកម្មក្នុងស្រុកបានលើកឡើងថា ដើមទុនភាគច្រើនដែលជំរុញការពង្រីកទីក្រុងនេះ មានប្រភពមកពីអ្នកវិនិយោគចិន ដែលបានបង្កើតសណ្ឋាគារ ឃ្លាំង និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីទាញយកឱកាសពីទីតាំងយុទ្ធសាស្ត្រ តាមបណ្តោយផ្លូវពាណិជ្ជកម្មឆ្លងព្រំដែនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយប្រទេសវៀតណាម។
ជ្រៃធំ ស្ថិតនៅចម្ងាយតិចជាង៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ផ្តល់នូវអត្ថប្រយោជន៍ផ្នែកឡូជីស្ទីក សម្រាប់ប្រតិបត្តិការផ្គត់ផ្គង់។ ស្ពានមិត្តភាពជ្រៃធំ-ឡុងប៊ិញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៧ ជាផ្លូវដឹកជញ្ជូនទំនិញយ៉ាងមានប្រសិទ្ធភាព រវាងមជ្ឈមណ្ឌលឧស្សាហកម្មរបស់កម្ពុជា និងខេត្តភាគខាងត្បូងរបស់វៀតណាម រួមទាំងទីក្រុងĐồng Nai និងទីក្រុងហូជីមិញផងដែរ។
ការតភ្ជាប់នេះធ្វើអោយជ្រៃធំ ក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្តានុពល បំពេញបន្ថែមតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ក្នុងក្រុងបាវិត ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួនប្រាំបួន ហើយមានចំណែកដ៏សំខាន់ នៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនេះ អាចពង្រឹងសមាហរណកម្មក្នុងតំបន់ និងភាពធន់នៃការនាំចេញរបស់ប្រទេស។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ជ្រៃធំ អាចបន្ថែមសមត្ថភាពឧស្សាហកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន ធ្វើពិពិធកម្មផ្លូវនាំចេញ និងការពារកម្ពុជាពីផលប៉ះពាល់សេដ្ឋកិច្ច នៃការរំខាននៅតាមព្រំដែនម្តងទៀតជាមួយប្រទេសថៃ។
ដំណាក់កាលអភិវឌ្ឍន៍របស់ជ្រៃធំ ផ្តល់ឱកាសសម្រាប់អ្នកវិនិយោគដំបូង។ តម្លៃដី និងសំណង់នៅតែមានកម្រិតទាប ខណៈដែលមានកម្លាំងពលកម្មច្រើន លក្ខខណ្ឌអំណោយផល សម្រាប់អ្នកផលិត ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកផ្តល់សេវា ដែលស្វែងរកការទាញយកទុនលើច្រករបៀងពាណិជ្ជកម្មដែលកំពុងរីកចម្រើន។
ទោះបីជាតម្លៃដីឡើងថ្លៃជាបណ្តើរៗក៏ដោយ ក៏តម្លៃដីនៅតែទាបជាងខេត្តជិតខាង ដែលបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អ្នកចូលដំបូងក្នុងវិស័យផលិតកម្ម ឃ្លាំង និងផ្នែកលក់រាយ។ វិនិយោគិនទាំងនេះ អាចទទួលបានអត្ថប្រយោជន៍រយៈពេលវែង នៅពេលដែលសេដ្ឋកិច្ចក្នុងស្រុកពង្រីក ហើយហេដ្ឋារចនាសម្ព័ន្ធក្លាយជាប្រតិបត្តិការពេញលេញ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការ រួមទាំងការកែលម្អផ្លូវថ្នល់ ការពង្រឹងច្រាំងទន្លេ និងការពង្រីកប្រព័ន្ធប្រើប្រាស់ ដែលបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការរៀបចំតំបន់សម្រាប់សកម្មភាពសេដ្ឋកិច្ចទ្រង់ទ្រាយធំ។
ដំណើរការសេដ្ឋកិច្ចរបស់វៀតណាម ធ្វើឱ្យប្រទេសនេះក្លាយជាដៃគូសម្រាប់កិច្ចខិតខំប្រឹងប្រែង ធ្វើពិពិធកម្មរបស់កម្ពុជា។ ដោយរក្សាបាននូវកំណើនGDP ប្រចាំឆ្នាំពី៦ ទៅ៨ភាគរយ វៀតណាមនៅតែជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត របស់អាស៊ាន និងជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ដែលបំពេញបន្ថែមយុទ្ធសាស្ត្រពង្រីកឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
យោងទិន្នន័យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កើនលើស១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ រដ្ឋាភិបាលទាំងពីរបានសន្យា បង្កើនតួលេខនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ផ្នែកហេដ្ឋារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ សម្រួលដំណើរការគយ និងគោលនយោបាយសម្របសម្រួលការវិនិយោគឆ្លងព្រំដែន។
មិនដូចព្រំដែនប្រទេសថៃ ដែលឃើញមានភាពតានតឹងជាបន្តបន្ទាប់ និងការរំខានផ្នែកពាណិជ្ជកម្មនោះ ព្រំដែនកម្ពុជា-វៀតណាមនៅមានស្ថិរភាពអស់ រយៈពេលជាច្រើនរាប់ទសវត្សរ៍មកហើយ។ ស្ថិរភាពនេះ បានផ្តល់ឱ្យអាជីវកម្មជាមួយនឹងទំនុកចិត្ត ដែលមានសារៈសំខាន់ សម្រាប់ការវិនិយោគរយៈពេលវែង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមព្រំដែនប្រកបដោយនិរន្តរភាព។
លើសពីពាណិជ្ជកម្ម ស្ពានមិត្តភាពជ្រៃធំ-ឡុងប៊ិញ កំពុងចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍។ ការឆ្លងកាត់នេះ អនុញ្ញាតឱ្យភ្ញៀវចូលទៅកាន់ Long Binh របស់វៀតណាម ដែលជាផ្នែកមួយនៃទីក្រុង Biên Hòa ក្នុងខេត្តĐồng Nai ជាមួយនឹងទម្រង់បែបបទសាមញ្ញដែលជំរុញឱ្យមានចលនាឆ្លងកាត់ព្រំដែន។
មន្ត្រីព្រំដែនជ្រៃធំបានលើកឡើងថា ភ្ញៀវអន្តរជាតិត្រូវការតែលិខិតឆ្លងដែន និងថ្លៃចូល និងចេញ៥ដុល្លារប៉ុណ្ណោះ ដែលមានសុពលភាព សម្រាប់ការស្នាក់នៅរហូតដល់មួយខែ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរអាចឆ្លងដែនដោយសេរី ដោយប្រើអត្តសញ្ញាណប័ណ្ណខ្មែរ។
លោកបានកត់សម្គាល់ថា ភ្ញៀវទេសចរវៀតណាម តែងតែមកលេងជ្រៃធំ ដើម្បីទិញទំនិញ ញ៉ាំអាហារ និងស្វែងរកសេវាកម្មក្នុងស្រុក ដោយគូសបញ្ជាក់ពីសក្ដានុពលរបស់តំបន់ ក្នុងការវិវឌ្ឍមិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលតភ្ជាប់ប្រទេសកម្ពុជា និងវៀតណាមភាគខាងត្បូងផងដែរ។
ប្រសិនបើផ្លូវឆ្លងកាត់នេះ ត្រូវបានកែលម្អទៅជាច្រកទ្វារអន្តរជាតិពេញលេញស្រដៀងនឹងបាវិត ផ្លូវនេះអាចទាក់ទាញបរិមាណទេសចរណ៍ និងពាណិជ្ជកម្មកាន់តែខ្ពស់ ដោយប្រែក្លាយជ្រៃធំទៅជាច្រកទ្វារតំបន់សម្រាប់ពាណិជ្ជកម្ម និងការកម្សាន្ត ខណៈជំរុញពាណិជ្ជកម្មខ្នាតតូច សេវាកម្ម និងការងារ។

ខណៈដែលកម្ពុជាបន្តរុករកសក្ដានុពលក្នុងតំបន់ ជ្រៃធំតំណាងឱ្យដំណាក់កាលថ្មី នៃការអភិវឌ្ឍឆ្លងព្រំដែន ដោយឈរលើមូលដ្ឋានក្នុងពាណិជ្ជកម្ម កំណើនឧស្សាហកម្ម និងការតភ្ជាប់ ដែលឆ្លុះបញ្ចាំងពីការតំរង់ទិសសេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកប្រទេសវៀតណាម ដែលផ្តល់នូវស្ថិរភាព កំណើនរឹងមាំ និងសមត្ថភាពឧស្សាហកម្ម បំពេញបន្ថែម។
ជាមួយនឹងការវិនិយោគប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រ ជ្រៃធំមានសក្តានុពលក្នុងការក្លាយជាព្រំដែនបន្ទាប់របស់កម្ពុជា សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដោយភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងគាំទ្រសហគមន៍ព្រំដែន ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកតួនាទីដែលកំពុងកើនឡើង នៅក្នុងយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច ក្នុងតំបន់របស់ប្រទេស។
លោកKevin Nauen ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានមានប្រសាសន៍ថា ការជំរុញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមរយៈជ្រៃធំអាចធ្វើឲ្យពាណិជ្ជកម្មទ្វេភាគី កាន់តែមានភាពស៊ីជម្រៅ និងធ្វើពិពិធកម្មភាពជាដៃគូខាងក្រៅ។
លោកបានពន្យល់ថា “ការពង្រឹងច្រករបៀងដឹកជញ្ជូនកម្ពុជា-វៀតណាម នឹងកាត់បន្ថយការពឹងផ្អែកខ្លាំង របស់ប្រទេសលើផ្លូវរបស់ថៃ និងភាពងាយរងគ្រោះ ដែលកើតឡើងពីការពឹងផ្អែកបែបនេះ”។
លោកបានបន្តថា នេះក៏អាចបង្កើតឡើងវិញ នូវសក្ដានុពលនៃការចរចា ក្នុងតំបន់អាស៊ានផងដែរ ដោយសារការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទីក្រុងហាណូយ ក្លាយជាការចរចាផ្នែកភស្តុភារនិងថាមពលក្នុងតំបន់។
យ៉ាងណាក៏ដោយ លោកបានក្រើនរំលឹកថា ការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន នឹងតម្រូវឱ្យទីក្រុងភ្នំពេញ មានតុល្យភាពទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយទាំងទីក្រុងហាណូយ និងទីក្រុងប៉េកាំង។
លោកបានមានប្រសាសន៍ថា “នៅកម្រិតតំបន់ និងពហុភាគី ទំនាក់ទំនងការទូតរបស់កម្ពុជា ទំនងជានឹងកាន់តែមានប្រតិបត្តិការ និងទិសដៅច្រើន។ វិធីសាស្រ្តនេះអាចធ្វើឲ្យជំហរ ភូមិសាស្ត្រនយោបាយរបស់កម្ពុជាមានស្ថិរភាព ប៉ុន្តែវាក៏អាចបន្ថយផលចំណេញ ដែលបានជួយបន្ធូរបន្ថយភាពតានតឹង ជាមួយប្រទេសថៃផងដែរ។
នៅពេលសួរអំពីសក្តានុពល នៃផលប៉ះពាល់សង្គម និងវប្បធម៌ លោកបានពន្យល់ថា ការកើនឡើងនៃពាណិជ្ជកម្មឆ្លងព្រំដែន ទេសចរណ៍ និងការវិនិយោគរបស់វៀតណាម នៅជ្រៃធំទំនងជានឹងពង្រីកទាំងឱកាសការងារផ្លូវការ និងក្រៅផ្លូវការក្នុងវិស័យភស្តុភារ ការលក់រាយ និងសំណង់ ប៉ុន្តែក៏អាចបង្កើតបញ្ហាសង្គមផងដែរ។
លោកបានគូសបញ្ជាក់ថា “ការឡើងថ្លៃដី និងការរស់នៅ ការផ្លាស់ប្តូរទីផ្សារការងារក្នុងស្រុក និងការអាចមិនពេញចិត្តរវាងអ្នករស់នៅទីនោះយូរ និងកម្មករចំណូលថ្មី”។
លោកបានសង្កត់ធ្ងន់ថា ខណៈដែលការផ្លាស់ប្តូរវប្បធម៌ ត្រូវបានគេរំពឹងថានឹងកើនឡើង ការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស នឹងដាក់សម្ពាធលើអត្តសញ្ញាណក្នុងស្រុក និងសេដ្ឋកិច្ចសេវាកម្មតាមសហគមន៍។
ដើម្បីធានាបាននូវនិរន្តរភាព និងការជឿទុកចិត្តរបស់សហគមន៍ រដ្ឋាភិបាលទាំងពីរ គួរតែបញ្ចូលឃ្លាអត្ថប្រយោជន៍សហគមន៍ យន្តការដោះស្រាយវិវាទ និងការពិគ្រោះយោបល់ ជាសាធារណៈជាទៀងទាត់ទៅក្នុងការបង្កើតគម្រោង។
លោកបានបន្ថែមថា វិធានការទាំងនេះ គួរតែស្របតាមគោលការណ៍តភ្ជាប់អាស៊ាន និងស្តង់ដារសហប្រតិបត្តិការឆ្លងព្រំដែន។
ចំណែកលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA)បានលើកឡើងផងដែរថា ការកើនឡើងនៃការវិនិយោគនៅជ្រៃធំ ឆ្លុះបញ្ចាំងពីការទទួលស្គាល់ របស់អ្នកវិនិយោគចិនចំពោះកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម។
លោកបានបន្តថា ដោយការវិនិយោគ នៅទីប្រជុំជនព្រំដែនកម្ពុជាដែលនៅជាប់នឹងប្រទេសវៀតណាម អ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលពីការរីកចម្រើន សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។
លោកបានកត់សម្គាល់ថា ទាំងប្រជាជន និងសក្ដានុពលសេដ្ឋកិច្ចនៃខេត្តកណ្តាលត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ២០៣០ តទៅ។លោកបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជ្រៃធំ ដើម្បីធ្វើជាផ្លូវនាំចេញដ៏សំខាន់ទៅកាន់ប្រទេសវៀតណាម។
នៅពេលសួរថា ហេតុអ្វីបានជាអ្នកវិនិយោគចិនចូលចិត្តកម្ពុជាជាងវៀតណាម លោកបានចង្អុលបង្ហាញពីគុណសម្បត្តិ ដែលផ្តល់ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស១០០ភាគរយ និងមិនមានការរឹតបន្តឹងលើលំហូរចូល និងលំហូរចេញ។
លោកបានបន្តថា “វិនិយោគិនអាចរីករាយ នឹងការរកប្រាក់ចំណេញរបស់ពួកគេយ៉ាងពេញលេញ ក៏ដូចជាផ្ទេរដោយសេរីនូវមូលនិធិទៅប្រទេសកំណើតរបស់ពួកគេ”។លោកបន្ថែមថា “នៅប្រទេសវៀតណាម វិស័យធុរកិច្ចមួយចំនួនតម្រូវឱ្យដៃគូបរទេស និងប្រជាជនវៀតណាមសហការគ្នាដោយស្របច្បាប់ ការកំណត់កម្មសិទ្ធិបរទេស និងការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ”។
លោកបានលើកឡើងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) របស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត តាមរយៈគំនិតផ្តួចផ្តើមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលសម្រួលនីតិវិធីពាណិជ្ជកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។
លោកបានកត់សម្គាល់ថា “ការវិនិយោគនៅក្នុងប្រទេសកម្ពុជាមិនមែនគ្រាន់តែបម្រើប្រជាជនចំនួន១៧ លាននាក់ប៉ុណ្ណោះទេ វាផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ ជាង៧០០លាននាក់នៅទូទាំងតំបន់”។
លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍របស់ជ្រៃធំមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នៅពេលដែលប្រទេសវៀតណាម ផ្លាស់ប្តូរពីការផលិតទំនិញមានតម្លៃទាប ទៅជាផលិតផលមានតម្លៃខ្ពស់ ដែលផ្តល់ផលចំណេញកាន់តែច្រើន។
លោកបានមានប្រសាសន៍ថា “នៅពេលដែលវៀតណាមប្តូរទៅរកការផលិតកម្រិតខ្ពស់ ខ្លួននឹងនាំចូលផលិតផលកម្រិតមធ្យម និងគាំទ្រកាន់តែច្រើន ពីប្រទេសជិតខាងដូចជាកម្ពុជា។ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការនាំចេញទំនិញកម្ពុជាទៅវៀតណាមនឹងកើនឡើងទាំងបរិមាណ និងច្រើនប្រភេទ ហើយកាន់តែមានប្រសិទ្ធភាព”។
លោកបានបន្តទៀតថា លំហូរនៃការវិនិយោគបរទេស នៅជ្រៃធំ ឆ្លុះបញ្ចាំងពីនិន្នាការ ដែលធ្លាប់មាននៅក្នុងខេត្តព្រះសីហនុ ដែលលំហូរនៃមូលធនធំរបស់ចិន បានផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុក យ៉ាងឆាប់រហ័ស មុនពេលមានបទប្បញ្ញត្តិថ្មី ជាពិសេសការហាមប្រាមល្បែងអនឡាញឆ្នាំ២០១៩ និងជំងឺរាតត្បាតCovid-19 ការអភិវឌ្ឍន៍ជាប់គាំងដោយបន្សល់ទុកនូវគម្រោងដែលមិនទាន់បញ្ចប់។
លោកជឿថា គន្លងការអភិវឌ្ឍរបស់ជ្រៃធំ នឹងមានភាពខុសគ្នា។ លោកបានពន្យល់ថា ខេត្តកណ្តាល មានមុខងារចម្បងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងផលិតកម្ម ស្រដៀងនឹងក្រុងបាវិត ក្នុងខេត្តស្វាយរៀង ដោយផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កំណើនប្រកបដោយនិរន្តរភាពក្នុងវិស័យពាណិជ្ជកម្ម ភស្តុភារ និងផលិតកម្មឧស្សាហកម្មធុនស្រាល គម្រោងកម្សាន្តនានា។
រីឯលោកលោក ជា ចាន់តារា ប្រធានសមាគមធុរកិច្ចដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) មានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានមិត្តភាពជ្រៃធំ-ឡុងប៊ិញ បាននិងកំពុងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមយ៉ាងខ្លាំង។
លោកពន្យល់ថា “ច្រកជ្រៃធំកំពុងលេចចេញ ជាផ្លូវពាណិជ្ជកម្មកសិផលដ៏សំខាន់ ដោយមានបន្លែ និងផ្លែឈើជាច្រើនបាននាំចូលពីប្រទេសវៀតណាម ហើយដឹកជញ្ជូនទៅកាន់ផ្សារដើមគរ រាជធានីភ្នំពេញ ដែលជាទីតាំងបោះដុំដ៏ធំបំផុតរបស់ប្រទេស”។
លោកបានបន្តថា ទន្ទឹមនឹងនេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងត្រូវបាននាំចេញ ទៅប្រទេសវៀតណាម កាន់តែខ្លាំងតាមរយៈផ្លូវមួយដែលជំរុញឱ្យមានការផ្លាស់ប្តូរ ទំនិញកាន់តែមានភាពស្វាហាប់។

លោកបានកត់សម្គាល់ថា បើប្រៀបធៀបជាមួយក្រុងប៉ោយប៉ែត និងបាវិត កម្លាំងសេដ្ឋកិច្ចរបស់ជ្រៃធំ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារផ្លូវនេះមិនទាន់ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការនាំចេញជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។
លោកបានបន្តថា មិនដូចក្រុងបាវិតដែលតភ្ជាប់ទៅខេត្ត Tây Ninh របស់វៀតណាម និងទីក្រុងហូជីមិញ តំបន់ឧស្សាហកម្មធំៗទាំងពីរនោះទេ ជ្រៃធំនៅតែពឹងផ្អែកលើវិស័យកសិកម្មយ៉ាងច្រើន។
នេះជាមូលហេតុដែលរាជរដ្ឋាភិបាល បានប្រមូលផ្តុំតំបន់សេដ្ឋកិច្ចពិសេសភាគច្រើន នៅតាមព្រំដែនភាគអាគ្នេយ៍ ដែលពាណិជ្ជកម្មជាមួយវៀតណាម នៅតែមានតុល្យភាព ហើយសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មត្រូវបានបង្កើតឡើងយ៉ាងល្អ។
ទោះជាយ៉ាងណា លោកជឿជាក់ថា សក្ដានុពលរបស់ជ្រៃធំនឹងមានការរីកចម្រើន នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន និងការលើកទឹកចិត្ត ក្នុងការវិនិយោគមានភាពប្រសើរឡើង។
ដោយមើលឃើញពីភាពមិនច្បាស់លាស់ ជុំវិញទំនាក់ទំនងព្រំដែនជាមួយប្រទេសថៃ លោក ចាន់តារា បានចាត់ទុក ជ្រៃធំថាជាឱកាសល្អ ដើម្បីធ្វើពិពិធកម្មលំហូរពាណិជ្ជកម្ម របស់កម្ពុជាទៅកាន់ប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ថា “មានផលិតផលសំខាន់ៗដូចជាឧស្ម័ន និងប្រេង ដែលកម្ពុជានៅតែមិនអាចផលិតបាន។ ការពង្រឹងពាណិជ្ជកម្ម តាមរយៈច្រករបៀងនេះ អនុញ្ញាតឱ្យវៀតណាមអាចផ្គត់ផ្គង់តម្រូវការទាំងនោះបាន”។
លោកសង្កត់ធ្ងន់ថា ជ្រៃធំ មានសក្ដានុពលខ្លាំងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ដោយសារនៅជិតទីក្រុងភ្នំពេញ។
លោកបញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាល លើកកម្ពស់គម្រោងឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងតំបន់ នោះនឹងទាក់ទាញអ្នកវិនិយោគជាច្រើន”៕
