ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនក្នុងស្រុកមួយបានបោះទុនជាង២០លានដុល្លារ វិនិយោគសាងសង់បុរីនៅតំបន់ចំការដូង រាជាធានីភ្នំពេញ ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋាននិងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានការរីកច្រើនគួរឲ្យកត់សម្គាល់។
លោក ហេន ភាជអគ្គនាយកក្រុមហ៊ុនបុរីHP Constructions Co, Ltd បានឲ្យដឹងបើកការដ្ឋានសាងសង់ផ្ទះល្វែងនៃបុរីHP នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ នេះថា គម្រោងសាងសង់ផ្ទះល្វែងរបស់ក្រុមហ៊ុនHP ក្រុមហ៊ុនគ្រោងបោះទុនវិនិយោគជាង២០លានដុល្លារសហរដ្ឋអាមេរិកសាងសង់ នៅលើទំហំដីជិត៣ហិកតាដោយមានផ្ទះចំនួនជាង២០០ល្វែង ដោយកំពស់៣ជាន់ មានបន្ទប់គេង៤ បន្ទប់ទឹកចំនួន៥ និងមានតម្លៃចាប់ពី១០ម៉ឺនដុល្លារឡើងទៅ។
លោកថា “គម្រោងនេះនៅចំកណ្តាលទីក្រុងភ្នំពេញ ហើយតំបន់នេះត្រូវបានសាងសង់ជាបុរី ផ្ទះល្វែងរួចរាល់ហើយ ដូច្នេះតំបន់ដែលក្រុមហ៊ុនបុរីHPសាងសង់នេះ នឹងទទួលបានជោគជ័យ ព្រោះវាជាតំបន់ដែលមានសក្កដានុពលទាំងសេដ្ឋកិច្ច និងវិនិយោគព្រមទាំងតំបន់ទីប្រជុំជន”។
លោកបន្ថែមថា “បច្ចុប្បន្ននេះវិស័យអចលនទ្រព្យបាននឹងកំពុងកើនឡើងជាគំហុក ហើយការសាងសង់គម្រោងផ្ទះល្វែងរបស់ក្រុមហ៊ុនHP នេះ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនប្រជាពលដ្ឋនៅក្នុងរាជាធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ”។
គំរោងនេះស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកហេន ភាជបានបញ្ជាក់ឲ្យដឹងផងដែរថា គម្រោងសាងសងនេះទៀតសោត ផ្តោតទៅលើអតិថិជនក្នុងកម្រិតមធ្យម និងលើធម្យម ដោយក្នុងនោះខាងក្រុមហ៊ុនបើកឲ្យ មានការបង់រំលស់ និងបង់ជាដំណាក់កាលជាមួយក្រុមហ៊ុនតែម្តង ឬអាចបង់រំលស់ជាមួយធនាគារ តាមជម្រើសចង់បានរបស់អតិថិជន។
លោកបន្តថា នេះគឺជាគម្រោងទី១របស់ក្រុមហ៊ុនបុរីHP ដែលបានសាងសង់គម្រោងរបស់ខ្លួននៅក្នុងតំបន់ចំការដូងរាជធានីភ្នំពេញនេះ។ គំរោងនេះនឹងត្រូវចំណាយពេល ២០ទៅ២៤ខែ មុនពេលក្រុមហ៊ុនបន្តសាងសង់គម្រោងជាច្រើនផ្សេងទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់លំនៅដ្ឋានជូនដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋានមានការកើនឡើងល្អប្រសើរ ប៉ុន្តែនិន្នាការតម្រួវការលំនៅដ្ឋានតម្លៃមធ្យម មានកំណើនខ្ពស់ជាងគេ ធៀបនឹងលំនៅដ្ឋានដែលមានតម្លៃខ្ពស់។
លោកបន្តថា តម្រូវការលំនៅដ្ឋានកើនឡើង ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋាន១លានខ្នងបន្ថែមទៀត សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣០ខាងមុខ៕