កោះស្តេចឋានសួគ៌ធម្មជាតិនាអតីតៈទឹកដីអាណុងអណោច

0

 ដោយៈ គង់ សូរិយា

       កោះកុងៈ សំរាកលំហែរកាយលើឆ្នេរខ្សាច់ ចេញទូកស្ទូចត្រី អបអរសាទរជាមួយសម្លេងហ៊ោកញ្ចៀវពេលស្ទូចត្រីបានធំៗ និងហែលទឹកមើលផ្កាថ្ម ដ៏ស្រស់ស្អាតនៅក្នុងទឹកថ្លាឆ្វេង ព៌ណខៀវស្រងាត់ អ្នកពិតជាអាចរកឃើញទីតាំងទាំងនេះនៅទឹកដីកោះស្តេច ខេត្តកោះកុង។

ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម ស្តាប់សម្លេងទឹករលក និងទូតនេសាទដូចធំជាជួរបើកឆ្លងកាត់ ហើយវិលវិញនៅពេលល្ងាច ក្រោមរស្មីព្រះអាទិត្យព៌ណមាសរៀបលិច ពិតជារ៉ូមែនទិកណាស់ សម្រាប់គូស្នេហ៍ទាំងឡាយ តែស្មេរអ្នកសរសេរក៏រំភើប និងចង់ទៅភ្លាមៗដែរ តែចាំបន្តិច ចាំចុងសប្តាហ៍សិន……………ហាហា…..។

នៅជុំវិញកោះស្តេច ប្រកបទៅដោយសម្រស់ទេសភាព ឆ្នេរខ្សាច់យ៉ាងសស្អាត និងប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រា​ប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។

កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះ គឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង៨១គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។

អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះ មានជីវភាពយ៉ាងសាមញ្ញបំផុត នឹងអាជីពជាអ្នកនេសាទ និងបម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំ ជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ បានធ្វើឱ្យទីនោះមិននៅឯកោទៀតឡើយ។

កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត១០គីឡូម៉ែត្រការ៉េ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here