ការសិក្សាថ្មីៈ វិស័យសំណង់ប្រើប្រាស់ថាមពលច្រើនជាងគេស្របពេលអ្នកជំនាញស្នើឲ្យអ្នកអភិវឌ្ឍន៍ផ្តោតលើអាគារបៃតង

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងទៅលើការសិក្សាថ្មីមួយ របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជាឱ្យដឹងថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលច្រើនជាងគេ បើធៀបនឹងវិស័យផ្សេងៗទៀត។

ការសិក្សានេះបានរកឃើញថា វិស័យសំណង់នៅប្រទេសកម្ពុជាបានប្រើប្រាស់ថាមពល ប្រមាណ៥០ភាគរយនៃថាមពល ដែលបានប្រើប្រាស់សរុបនៅក្នុងប្រទេស រាប់តាំងពីចាប់ផ្ដើមការសាងសង់សំណង់ដំបូង រហូតដល់សំណង់នោះ បានរួចរាល់និងដាក់ដំណើរការ។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យសំណង់បៃតង បានជំរុញឱ្យអ្នកអភិ​វឌ្ឍន៍ក្រោយៗ គិតគូរពីការប្រើប្រាស់ថាមពល ដោយសំដៅលើការសាង​សង់អគារបៃតង។

ការកើនឡើងនៃវិស័យសំណង់នេះដែរ កម្ពុជាធ្លាប់ជួបនូវវិបត្តិថាមព​លម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ដោយកាលនោះអាជ្ញាធរអគ្គិសនីបានកាត់ផ្ដាច់អគ្គិសនី នៅតាមតំបន់មួយចំនួន ដើម្បីសន្សំថាមពលទៅប្រើប្រាស់នៅតំបន់ ដែលមានការចាំបាច់ ដូចជា តំបន់ឧស្សាហកម្ម តំបន់ពាណិ​ជ្ជកម្មជាដើម។

លោកហាក់ទ្រី ទេវាយុធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរៈកិច្ចនៃក្រុមហ៊ុនGolden Tree បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាគួរតែគិតគូរដល់ការសាងសង់អគារបៃតងចាប់ពីពេលតទៅ ពីព្រោះអគារបៃតងវាបានជួយសន្សំសំចៃថាមពល តាំងពីការសាងសង់រហូតដល់អគារដំណើរការ។

លោកបន្តថា “ការសាងសង់អគារបៃតង នឹងជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី ឬក៏ទឹកនៅក្នុងអគារទាំងមូល ពីព្រោះថាអគារប្រភេទនេះ វានឹងទាកយកថាមពលកកើតឡើងវិញ មកប្រើប្រាស់ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យជាដើម”។

លោកបន្តថា ជាការពិតណាស់ វិស័យសំណង់គឺជាវិស័យមួយដែលមានការបំពុលបរិស្ថាន ខ្ពស់ជាងវិស័យដទៃទៀត។ ដូច្នេះហើយយើងត្រូវការយកចិត្តទុកដាក់ដល់បញ្ហាបរិស្ថាន ជាក់ស្ដែងក្រុមហ៊ុនរបស់យើង Golden Tree ដែលជាក្រុមហ៊ុនគិតគូរ ដល់សំណង់អគារបៃតងបានចាប់ផ្ដើមអនុវត្តន៍និងជាគំរូ ដល់អ្នកអភិវឌ្ឍន៍អគារនៅក្នុងប្រទេសកម្ពុជា ។

លោកស៊ីម បូវិសាល ទីប្រឹក្សានៃសមាគមទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានថ្លែងឱ្យដឹងថា កត្តាដែលអ្នកអភិវឌ្ឍន៍សំណង់អគារ នៅក្នុងប្រទេសកម្ពុជា មិនសូវគិតគូរទៅលើអគារបៃតងពីព្រោះតែការសាងសង់អគារបៃតង ត្រូវការចំណាយច្រើនជាងការសាងសង់អគារធម្មតាៗ។

លោកបន្តថា “ប៉ុន្តែអគារបៃតង នឹងធ្វើឱ្យម្ចាស់អគារចំណេញមកវិញនៅពេលសាងសង់រួច ដូចជាសន្សំសំចៃក្នុងការប្រើប្រាស់ថាមពល ក្នុងអគារ ជួយដល់ផាកសុខភាពអ្នកធ្វើការនៅក្នុងអគារ និងមិនបញ្ចេញជាតិពុលទៅក្នុងបរិយាកាស តាមរយៈការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ប្រើប្រា​ស់ថាមពលច្រើនជាដើម”។

លោកក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍សំណង់អគារ គួរតែងាកមកគិតគូរពីបរិស្ថាន និងនាំគ្នាចាប់ផ្ដើមសាងសង់អគារបៃតង ខណៈនៅកម្ពុជាមានចំនួនអគារបៃតងតិចតួចបំផុត បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសជិតខាងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here