គ្រឹះស្ថានអង្គររកចំណូលបានជាង៦លានដុល្លារអាមេរិកពីភ្ញៀវទេសចរជាង១៦ម៉ឺននាក់ក្នុងរយៈពេល១០ខែនេះ

ចែករំលែក

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ គ្រឹះស្ថានអង្គរ អាចរកចំណូលបានជាង៦លានដុល្លារ ពីទេសចរអន្តរជាតិប្រមាណ ១៦ម៉ឺននាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន១៦៩.៣៤៩នាក់ បានទិញបណ្ណទស្សនានៅរមណីយដ្ឋានអង្គរ ដែលស្មើនឹង៦.៧៦១.៨០៣ដុល្លារ កើនជាង២ពាន់ភាគរយ។

ដោយឡែក ក្នុងខែតុលា គ្រឹះស្ថានអង្គរអាចរកចំណូលបាន១.៣៩៩.៦៧៤ដុល្លារ ពីទេសចរចំនួន៣៤.១៩៧នាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនឡើងជិត៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បង្ហាញចំណូល និងចំនួនទេសចរនៅប្រាសាទកោះកែរផងដែរ។ រយៈពេល១០ខែនេះ ប្រាសាទកោះកែរ រកចំណូលបាន៤៧.៤៩០ដុល្លារពីទេសចរ៣.១៦៦នាក់។

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ ២,២លាននាក់ក្នុងឆ្នាំ២០១៩ ដែលរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ៕


ចែករំលែក