ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា តាមរយៈបទពិសោធន៍ពីការខ្វះខាតអគ្គិសនីប្រើប្រាស់ ពេលនេះកម្ពុជានៅសល់ថាមពលរហូតដល់ជាង២០០០មេហ្គាវ៉ាត់។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងវេទិកាមួយកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២២បានឱ្យដឹងថា កាលពីឆ្នាំ២០១៨កម្ពុជាផលិតថាមពល បានតែ២៦៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ ហើយតម្រូវការនិងការផ្គត់ផ្គង់ក៏ឃើញថា ប្រហាក់ប្រហែលគ្នា និងពេលខ្លះតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់ ដែលធ្វើឱ្យពេលខ្លះខ្វះខាតថាមពល សម្រាប់ផ្គត់ផ្គត់ទៅតាមទីតាំងឧស្សាហកម្មផងដែរ ។
-->
លោកបន្តថា រហូតមកដល់ពេលនេះ ឆ្នាំ២០២២នេះ កកម្ពុជាផលិតបានថាមពលប្រមាណ៤២៤៦មេហ្កាវ៉ាត់ ស្របពេលតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃនេះ មានតែប្រមាន២១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ”។លោកបន្តថា “ដូច្នេះហើយនៅសល់ថាមពលជាង២០០០មេហ្កាវ៉ាត់ទៀត ដែលមិនទាន់ប្រើប្រាស់ តែយើងក៏នៅតែបន្តស្វះស្វែងរកថាមពល និងប្រភពថាមពលបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់នៅពេលណា ដែលយើងមានតម្រូវការច្រើនដូចកាលពី៣ឆ្នាំមុន”។

លោកស៊ុយ សែមបានបន្ថែមថា បច្ចុប្បន្ននេះទាំងការតបណ្ដាញជាតិ និងការងារតភ្ជាប់ទៅកាន់ភូមិ របស់ប្រជាពលរដ្ឋទូទាំងប្រទេសគឺ សម្រេចស្ទើរតែទាំងស្រុងហើយ ជាក់ស្ដែងកាលពីឆ្នា២០១៨ យើងតបណ្ដាញតង់ស្យុងបានតែ២០ខេត្តរាជធានីប៉ុណ្ណោះ តែពេលនេះយើងតបានគ្រប់ខេត្តរាជធានីទាំង២៥ហើយ និងកំពុងតឱ្យបានគ្រប់ភូមិ របស់ប្រជាពលរដ្ឋនៅពេលឆាប់ៗនេះ ។
យោងតាមរបាយការណ៍ចំនួន៦ និងការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP បានឱ្យដឹងថា វិស័យសំណង់បានប្រើប្រាស់ថាមពលច្រើនជាងគេ ក្នុងចំណោមវិស័យផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅពេលសំណង់អគារនោះសាងសង់រួច ក៏ត្រូវការប្រើប្រាស់ថាមពល សម្រាប់បម្រើការនៅក្នុងអគារនោះដែរផងដែរ ដូច្នេះនៅពេលអគារកើនឡើងកាន់តែច្រើន ការប្រើប្រាស់ថាមពលក៏កាន់តែច្រើនដូចគ្នា ។
UNDP បានជំរុញឱ្យអ្នកអភិវឌ្ឍន៍អគារក្រោយៗ គិតគូររពីការប្រើប្រាស់ថាមពល ប្រកបដោយចីរភាព ដោយសំដៅលើការសាងសង់អគារបៃតងដែលអាចសន្សំសំចៃថាមពលបានមួយកម្រិត។ ក្រៅពីនេះ ក៏មានបណ្ដាអង្គការអន្តរជាតិមួយចំនួនជួយកម្ពុជា ឱ្យមានការសន្សំសំចៃថាមពលបន្ថែមទៀត នៅតាមអគារ និងកន្លែងធ្វើការ ក៏ដូចជា តាមផ្ទះរបស់របស់ប្រជាពលរដ្ឋផងដែរ៕
