ចរន្តអ្នកដំណើរជាតិ អន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសមានកំណើនខ្ពស់ធៀបនឹងមុនពេលវិបត្តិជំងឺកូវីដ

0

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ចរន្តអ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបានវិលត្រលប់មករកស្ថានភាព មុនវិបត្តិជំងឺកូវីដ១៩វិញ ក្នុងអត្រាប្រហែ​ល៧៥ភាគរយហើយ។

លោក ខែក នរិន្ទដា នាយកផ្នែកទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន Cambodia Airports មានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវហោះហើរ ដែលមានសកម្មភាពមមាញឹករបស់កម្ពុជា ប្រហែល៧៥ភាគរយបានវិលត្រឡប់មកវិញ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ប្រទេសគោលដៅនៃការហោះហើរចេញ ចូលញឹកញាប់ជាមួយកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសសិង្ហបុរី ទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ។ល។

លោកឱ្យដឹងទៀតថា “ចំណែកចរន្តការហោះហើរ នៃអាកាសយានពីរផ្សេងទៀត ក៏បានវិលត្រឡប់មកវិញ ពិសេសក្រុងព្រះសីហនុ ដែលពឹងផ្អែកលើទីផ្សារចិន។ ប៉ុន្តែប៉ុន្មានខែមកនេះ យើងឃើញមានការបង្កើនល្បឿននៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ”។

យ៉ាងណាក្តី លោកបានបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ មិនមែនសុទ្ធតែនឹងងើបឡើងវិញក្នុងល្បឿនដូចគ្នា ហើយឈានដល់កម្រិតនោះនោះទេ ដោយទីផ្សារការធ្វើដំណើរនេះ អាស្រ័យលើភាពជឿជាក់នៅចំណុចទីផ្សារសំខាន់ ដូចជា ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និងចិន ដែលថ្មីៗនេះបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរផងដែរ។

យោងតាមរបាយការណ៍របស់ JP Morgan Asia Airlines and Airports បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២នេះ ការធ្វើដំណើរនៅក្នុងតំបន់នឹងកើនឡើង២ទៅ៣ដង បើប្រៀបធៀបនឹងមុខពេលមានជំងឺកូវីដ១៩។ របាយការណ៍នេះរំពឹងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ តំបន់អាស៊ីអាគ្នេយ៍ទាក់ទាញទេសចរ បាន១៥២លាននាក់ត្រឹមឆ្នាំ២០២៥ និង១៨៧លាននាក់ត្រឹមឆ្នាំ២០៣០។

បើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមចុងត្រីមាសទី៣ នៃឆ្នាំ២០២២ កម្ពុជាបានទទួលទេសចរណ៍អន្តរជាតិ១,២លាននាក់ កើនឡើង៨៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ និងកំពុងសង្ឃឹមទាក់ទាញភ្ញៀវបរទេសពី ១,៥ ទៅ២លាននាក់ក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here