កោះកុងក្រៅ​ចាប់ផ្តើមបង្ហាញសក្តានុពលរបស់ខ្លួន បន្ទាប់ពីលាក់ខ្លួន កណ្តាលព្រៃយ៉ាងយូរ

0

 ដោយៈ គង់ សូរិយា

       កោះកុងៈ កាលពីអតីតកាល កោះកុងជាខេត្តដាច់ស្រយាលមួយ ប៉ុន្តែបច្ចុប្បន្នអ្វីៗបានផ្លាស់ប្តូរហើយ ដោយសារការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋ​របស់រដ្ឋាភិបាល។

តំបន់ទេសចរណ៍ធម្មជាតិនានា ដែលធ្លាប់លាក់ខ្លួនកណ្តាលព្រៃ លាក់ខ្លួនជាមួយនឹងឆ្នេរដេកសណ្តូកខ្លួនយ៉ាងស្ងៀមស្ងាត់ ពេលនេះបានភ្ញាក់ពីសុបិនបណ្តើរៗហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ស្ថិតក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន កោះកុងក្រៅជាគ្រាប់ពេជ្រទេសចរណ៍ដ៏ល្អឯកមួយ ដែលមានទំហំសរុប១០៣ គីឡូម៉ែត្រការ៉េ មានទទឹង៧គីឡូម៉ែត្រ បណ្តាយប្រហែល២២គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់៤១៨ម៉ែត្រពីនីវូទឹកសមុទ្រ ។

បច្ចុប្បន្នកោះនេះ ជាទីកន្លែងដ៏ទាក់ទាញបំផុតមួ យនៅក្នុងទឹកដីខេត្តកោះកុង។

កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ សម្បូណ៍ ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង១៥ដល់ម៉ោង១៧ល្ងាច។

នៅលើកោះមានទឹកជ្រោះ ដ៏ស្រស់បំព្រងចំនួន១០កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់៣០ជាន់កម្ពស់ពី៦ ម៉ែត្រ ទៅ២៥ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។

កោះកុងក្រៅ ស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៣០ គ.ម ពីក្រុងខេមរភូមិន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here