ដោយៈ គង់ សូរិយា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានលើកឡើងថា ខេត្តបាត់ដំបងនឹងមានសក្តានុពលខ្លាំង ខណៈនៅពេលអនាគតរដ្ឋាភិបាល នឹងសាងសង់ផ្លូវតភ្ជាប់ពីខេត្តនេះ ទៅកាន់ខេត្តសៀមរាប។
លោកសុខ លូបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះ បោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២កាលពីចុងសប្តាហ៍មុន។
-->
លោកបានបញ្ជាក់ថា “ខេត្តបាត់ដំបងជាខេត្ត ដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលយើងកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះទេ ដែលមិនទាន់កែច្នៃឱ្យអស់លទ្ធភា”។ លោកបានបន្តថា នៅថ្ងៃអនាគតរាជរដ្ឋាភិបាល គ្រោងនឹងធ្វើផ្លូវពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប និងកំពុងសាងសង់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបង្កឱ្យខេត្តបាត់ដំបងនេះ ជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ”។

លោកសុខ លូបានបន្តទៀតថា សព្វថ្ងៃនេះផលិតផលកសិកម្មរបស់យើងមិនទាន់មានការកែច្នៃអស់នៅឡើយ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់ ដូចនេះត្រូវការសភាពាណិជ្ជកម្មមួយ ដែលខ្លាំងដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញ អ្នកវិនិយោគពីក្រៅប្រទេស ឱ្យមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេស ក្នុងន័យដើម្បីឱ្យកំណើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឱ្យផលដំណាំកសិកម្មមានតម្លៃទទួលយកបាន។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាសាងសង់ផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុនចិនបានបញ្ចប់ការសិក្សារួចហើយ និងកំពុងដាក់សំណើរសុំកម្ចីសម្បទានពីរដ្ឋាភិបាលចិន។
លោកបន្តថា “រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ បើទោះជាមានបញ្ហាជំងឺកូវីដ១៩រយៈពេលជិត៣ឆ្នាំក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដោយមិនមានគំរោងណាមួយត្រូវផ្អាកការដ្ឋានសាងសង់ឡើយ”៕

