សម្ដេចតេជោ ហ៊ុន សែនជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី

0

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការតភ្ជាប់ តាមរយៈជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដោយផ្ទាល់ ដើម្បីអាចជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិតPUAN MAHARANI ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភានិងសភា ប្រជាជននិងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពល ពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោ​យឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិ​បត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រីប្រធានរដ្ឋសភាឥណ្ឌូនេស៊ី សម្តេចបានជំរុញការតភ្ជាប់ តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា ប្រជាជននិងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវិញ សម្ដេចតេជោបានស្នើឱ្យឥណ្ឌូនេស៊ី ពិនិត្យមើលលទ្ធភាព ក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជា ការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសម្ងួតកិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូនេស៊ី អាចសហការជាមួយកសិករកម្ពុជា ឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here