ដោយៈ គង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីរង់ចាំនិតិវិធីយ៉ាងយូរ ទីបំផុតរដ្ឋាភិបាលចិនបានចាប់ផ្តើមអនុញ្ញាតឱ្យកម្ពុជាធ្វើការនាំចេញម្រេច និងត្រីប្រាទៅទីផ្សាររបស់ខ្លួនហើយកាលពីថ្ងៃទី ២១ វិច្ឆិកាកន្លងមក។
ការចាប់ផ្តើមនាំចូលផលិតផលទាំងនេះ ទៅកាន់ប្រទេសចិនធ្វើឡើង បន្ទាប់ពីប្រទេសទាំង២បានចូលក្នុង “ពិធីសារនៃតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន” ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាពកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ី ចៀនហួរ រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងពិធីមួយក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី កេឈាង នាយករដ្ឋមន្ត្រីចិន។
-->
យោងតាមការប្រកាសរបស់ GACC នៅថ្ងៃទី ២១ ខែវិច្ឆិកា ដែលចេញផ្សាយដោយស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឱ្យដឹងថា យោងតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា ស្តីពីតម្រូវការភូតគាមអនាម័យក្នុងការនាំចូលម្រេចពីកម្ពុជា ទៅប្រទេសចិនបានឱ្យដឹងថា ចាប់ពីថ្ងៃប្រកាសនេះ ទៅការនាំចូលម្រេចកម្ពុជាគឺអនុញ្ញាត តែម្រេចដែលបំពេញតម្រូវការប៉ុណ្ណោះ។

លោកងួន ឡាយប្រធានសមាគមម្រេចកំពត (KPPA) ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានមានប្រសាសន៍ឲ្យចដឹងថា ទោះបីគុណភាពម្រេចកំពតត្រូវបានស្ថាប័នជាតិ និងអន្តរជាតិជាច្រើនទទួលស្គាល់ និងគោរពតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ ដែនសមត្ថកិច្ចជាច្រើនហើយក៏ដោយ ក៏លោកនៅតែរីករាយចំពោះអ្វី ដែលកម្ពុជាបានធ្វើជាមួយនឹងអាជ្ញាធរចិន ដើម្បីនាំម្រេចកម្ពុជាជាផ្លូវការទៅប្រទេសចិន។
លោកលើកឡើងថា “ម្រេចកម្ពុជានឹងមានទីផ្សារកាន់តែទូលំទូលាយនៅពេលដែលប្រទេសចិន អនុញ្ញាតឱ្យមានការនាំចេញជាផ្លូវការ”។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបាននាំម្រេច ទៅលក់នៅទីផ្សារអន្តរជាតិបានចំនួនជាង៧៧០៤តោន ថយចុះ ៧២,១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ២៧ ៦៣៣,៧៧ តោន។

យោងតាមព៌តមានរបស់ស្ថានទូតចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ វិច្ឆិកា រដ្ឋបាលគយប្រទេសចិន ក៏បានចេញសេចក្តីប្រកាសមួយទៀតស្តីពី លក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។
យោងតាមច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាស្តីពី លក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលជលផលធម្មជាតិកម្ពុជាទៅប្រទេសចិន និងព្រមទាំងលក្ខខណ្ឌតម្រូវការអនាម័យកំណត់ដោយពេទ្យសត្វ គឺចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែជលផលធម្មជាតិ ក្នុងប្រទេសកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ៕
