ដោយ វុត្ថា
ភ្នំពេញ៖ តម្លៃលំនៅដ្ឋាននៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ នឹងបន្តកើនឡើងដោយគិតជាមធ្យមពី២ ទៅ៣ភាគរយបន្ថែមទៀត នៅតាមបណ្តាទីក្រុងសំខាន់នានា ជាពិសេសតំបន់មានត់សមុទ្រ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះបញ្ជាក់ថា តម្លៃលំនៅដ្ឋាននៅតំបន់មាត់សមុទ្រ Great Bay Area នឹងកើនឡើងរហូតដល់ ៥ ទៅ៧ ភាគរយ ដោយសារតែតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បាននឹងកំពុងរីកចម្រើន។របាយការណ៍ដដែលបន្តថា តំលៃលំនៅដ្ឋានៅក្នុងទីក្រុងហុងកុង នឹងកើនឡើងប្រមាណ៥ភាគរយ សម្រាប់លំនៅដ្ឋានប្រណីត និង១០ភាគរយសម្រាប់លំនៅដ្ឋានកម្រិតខ្ពស់បំផុត។
-->
ចំណែកលំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃវិញ បានកើនឡើងរួចទៅហើយសម្រាប់ឆ្នាំនេះ ពោលគឺកើនឡើង២,៤ភាគរយ ដែលមានតម្លៃ១៧.៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងប៉េកាំងវិញ បានកើនឡើង៣.១ភាគរយ ។ ទីក្រុងទាំងពីរនេះទទួលបានផលចំណេញច្រើន ពីតម្រូវការ និងការលំហូរនៃការផ្គត់ផ្គង់លំ នៅដ្ឋានពីអ្នកអភិវឌ្ឍន៍។

រីឯតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងគ័ងចូវវិញ បានកើនឡើងរួចហើយក្នុងទំហំ៦,១ ភាគរយ និងបន្តកើនឡើងថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដោយសារតែទីក្រុងមួយនេះ ពោពេញទៅដោយកន្លែងសប្បាយរីករីកជាច្រើន ជាពិសេសទីក្រុងនេះ បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៅកាន់តំបន់មាត់សមុទ្ររបស់ចិន (China’s Greater Bay Area)។
បើតាមអ្នកជំនាញអចលនទ្រព្យពីក្រុមហ៊ុន Knight Frankបានលើកឡើងថា ការកើនឡើងតំម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងបែបនេះ ដោយសារតែកំណើននៃអគារផ្សារទំនើបប្រមាណជា៣ឬច្រើនជាងនេះ នៅក្នុងទីក្រុងនីមួយៗជារៀងរាល់ឆ្នាំ៕