ការសិក្សាថ្មីៈ ក្រសួបបរិស្ថានបែកចែកផ្ទៃដីនៅកម្ពុជាមាន ចំនួន២១ប្រភេទ

0

  ដោយៈ​គង់ សូរិយា

       ភ្នំពេញៈ ជាមួយគោលដៅប្រើប្រាស់ដីឲ្យបានជាក់លាក់ ក្រសួងបរិ ស្ថាន បានសិក្សាទិន្នន័យបឋម នៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សា និងស្រាវជ្រាវចងក្រងបានរកឃើញថា ផ្ទៃដីកម្ពុជាត្រូវបានបែងចែកជា២១ប្រភេទ។

ទិន្នន័យបឋមនេះ ត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណង ដើម្បីជម្រាបជូនពីទិន្នន័យលម្អិត នៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជា ដោយចែកចេញជា២១ប្រភេទ ដូចជា ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សា លើទិន្នន័យនៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លា​ស់ ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជា ដែលនឹងមានសារៈប្រយោជន៍ លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

លោកបន្តថា ក្រសួងនឹងប្រកាស ផ្តល់ទិន្នន័យស្រាវជ្រាវបាននេះ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើជាឧត្តមប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here