លោក ចូ បៃដិន ​គ្រោងចេញ​សេចក្តីសម្រេចលើ​ពន្ធ​នាំចូលបន្ទះ​សូឡា​ពីកម្ពុជានិង​ប្រទេសអាស៊ាន៣ផ្សេងទៀត

0

ដោយ: លាងហួរ

វ៉ាស៊ីនតោន: កន្លងមក លោក ចូ បៃដិនបានសម្រេចថាពន្ធការនៃចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ានចំនួន៤ អាចនឹងត្រូវលើកលែង ប៉ុន្តែពន្ធនោះនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ដោយសារដំណើរការកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍ផលិតកម្មក្នុងស្រុក និងរារាំងការឆ្លៀតឱកាសរបស់ប្រទេសចិន។

ក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ បានចេញសេចក្តីសម្រេចបឋមមួយ ស្តីពីការពិចារណាថា តើត្រូវដាក់ពន្ធលើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ ឬយ៉ាងណា ដោយប្រទេសទាំងនោះ រួមមាន កម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី។

បើយោងតាមការចេញផ្សាយដោយសារពត៌មានរ៉យទ័រ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីសម្រេចចិត្ត របស់ក្រសួងពាណិជ្ជកម្មអាមេរិក នឹងគូសសម្គាល់ពីការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង របស់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ របស់សហរដ្ឋអាមេរិក ដើម្បីរារាំងលំហូរនៃទំនិញអាស៊ី ដែលមានតំលៃថោកជាង ដោយធ្វើឱ្យផលិតផលរបស់អាមេរិកមិនអាចប្រកួតប្រជែងបាន។

កន្លងមក ទោះបីជាសហរដ្ឋអាមេរិកសម្រេចថាពន្ធត្រូវបានធានាក៏ដោយ ប៉ុន្តែពន្ធនោះនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ដោយសារកាលពីដើមឆ្នាំនេះ លោកចូបៃដិនបានប្រកាសផ្អាកយកពន្ធមួយរយៈ ក្រោយពីក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យនានា បានលើកឡើងថា ការគំរាមកំហែងផ្នែកពន្ធគយបានធ្វើឱ្យគម្រោងទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិកមានភាពជាប់គាំង។

លោក ចូ បៃដិន គ្រោងកាត់បន្ថយវិស័យអគ្គិសនីរបស់សហរដ្ឋអាមេរិក ចេញពីឥន្ធនៈហ្វូស៊ីលនៅឆ្នាំ២០៣៥ ដោយប្រើថាមពលពន្លឺព្រះអាទិត្យជំនួស ក្នុងការផ្គត់ផ្គង់ថាមពលរហូតដល់៤០ភាគរយ នៃតម្រូវការរបស់ប្រទេសទាំងមូល។

ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេត អស់រយៈពេល៨ខែដើម្បីស្វែងរកថា តើក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន បានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួន ទៅកាន់ប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសកម្ពុជា ដើម្បីជៀសវាងការបង់ពន្ធឱ្យសហរដ្ឋអាមេរិក ឬយ៉ាងណា ប៉ុន្តែការសម្រេចជាចុងក្រោយនឹងធ្វើឡើង ក្នុងខែឧសភាឆ្នាំ២០២៣ខាងមុខ។

ប្រទេសទាំង៤ខាងលើនេះបានរួមចំណែកប្រហែល៨០ភាគរយ នៃការផ្គត់ផ្គង់បន្ទះសូឡាដល់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here