កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងក្លាយជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចូលជាធរមានហើយនៅថ្ងៃទី០១ ធ្នូហើយនឹងត្រូវប្រើប្រាស់ដោយភាគីទាំងពីរ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគបន្ថែមទៀត ពីសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យមកបណ្តាក់ទុននៅប្រទេសកម្ពុជា និងនាំចេញផលិតផលទៅកាន់កូរ៉េខាងត្បូង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលត្រូវបានអនុវត្តកាលពីដើមឆ្នាំ២០២២នេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាច្រកមួយផ្សេងទៀត សម្រាប់ការធ្វើពិពិធកម្មការនាំចេញទំនិញរបស់ក្រុមហ៊ុនឯកជនបន្ថែមពីលើទីផ្សារបច្ចុប្បន្ន និងការអនុគ្រោះពន្ធ តាមរយៈប្រព័ន្ធ EBA និងប្រព័ន្ធអនុគ្រោះទូទៅ GSP ផ្តល់ដោយសហរដ្ឋអាមេរិក ដែលនឹងផុតសុពលភាពក្នុងពេលឆាប់ៗនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា “យើងនឹងពិភាក្សាដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ ពិភាក្សាបញ្ហាដែលនឹងកើតឡើងក្នុងកំឡុងពេលអនុវត្ត ហើយទន្ទឹមនឹងនោះ យើងក៏នឹងពិភាក្សាអំពីការឆ្លើយតបទៅនឹងបញ្ហា ឬបញ្ហាប្រឈមទាំងនោះ មានន័យថា ដោះស្រាយបញ្ហាបណ្តើរ អនុវត្តបណ្តើរ”។

លោកបន្ថែមថា កម្ពុជា​នឹង​ពឹង​ផ្អែក​ជាង​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ដោយលោក​បាន​បន្ត​ថា​ “​អ្វី​ដែល​សំខាន់​ជាង​នេះ ​គឺ​ការ​អនុវត្ត និងកំឡុង​ពេល​អនុវត្ត យើង​នឹង​មើល​ឃើញ​បញ្ហា ព្រមទាំង​បញ្ហា​ប្រឈម ឬ​តម្រូវការ ដែលទាមទារឱ្យ​យើង​នឹង​ដាក់​លើ​តុ​ ដើម្បី​ស្វែងរក​ការ​ឆ្លើយ​តប​សម្រាប់​ការ​បង្កើន​ផលប្រយោជន៍​ជា​អតិបរមា”។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រភេទមុខទំនិញ ដែលប្រទេសកម្ពុជាអាចនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងបាន រួមមាន ម្ទេស ចេក គ្រាប់ស្វាយចន្ទី ដំឡូង ម្នាស់ កាហ្វេ ផ្លែឈើ ពោត មៀនប៉ៃលិន ថ្នាំជក់ សាច់ ផលិតផលវារីវប្បកម្ម ស្ករ កៅស៊ូ សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កង់ សម្ភារៈធ្វើដំណើរ កាបូប គ្រឿងបន្លាស់ ទំនិញឧស្សាហកម្ម និងទំនិញជាច្រើនទៀត។ ចំណែក សាធារណរដ្ឋកូរ៉េនឹងត្រូវបានអនុញ្ញាតឱ្យនាំចេញឧបករណ៍អេឡិចត្រូនិក យានយន្ត គ្រឿងចក្រសំណង់ គ្រឿងយន្តកសិកម្ម វត្ថុធាតុដើមក្រណាត់ ក្រណាត់កែច្នៃ គ្រឿងសំអាង អាហារ គ្រឿងទេស សម្ភារៈសំណង់ និងគ្រឿងបន្លាស់ និងច្រើនទៀត មកកាន់ប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាល​កម្ពុជា​បានកំពុង​កំណត់​គោលដៅ ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ជាអាទិ៍ ​ប្រទេស​ជប៉ុន ឥណ្ឌា និង​ប្រទេស​អារ៉ាប់រួម។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួមក៏កំពុងពិភាក្សា ក្នុងការត្រៀមខ្លួនសម្រាប់ការចរចាជុំទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២២នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here