គម្រោងអាកាសយានដ្ឋាន U-Tapao របស់ថៃកំពុងប្រឈមនឹងការពន្យារពេលខណៈចំនួនអ្នកធ្វើដំណើរធ្លាក់ចុះ

0

ដោយ: លាងហួរ

បាងកក: យោងតាមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ U-Tapao International Aviation Company Ltd (UTA) បានឱ្យដឹងថា ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ U-tapao ថ្មីអាចប្រឈមនឹងការពន្យារពេលរយៈពេល២ឆ្នាំ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុន Bangkok Airways និងជាតំណាងក្រុមហ៊ុន UTA បានមានប្រសាសន៍ថា ដំណាក់កាលទី១អាចនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ខណៈក្រុមហ៊ុនត្រូវកែសម្រួលដំណើរការសាងសង់ ដោយសារតែអត្រាកំណើនអ្នកដំណើរធ្លាក់ចុះទាប ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

ដើមឡើយ គម្រោងដំណាក់កាលទី១នេះគ្រោងសាងសង់បញ្ចប់នៅឆ្នាំ២០២៤ ជាមួយនឹងសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចំនួន១៥,៩លាននាក់ក្នុងមួយឆ្នាំ និងមានស្ថានីយទំហំ១៥៧.០០០ម៉ែត្រការ៉េ ចំណតយន្តហោះចំនួន៦០ រួមទាំងកន្លែងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្ទាល់ដីមួយផងដែរ។

លោក Puttipong បានបន្តថា ដំបូងឡើយ គម្រោងនេះរត្រូវបានបែងចែកជា៤ដំណាក់កាល  ហើយនឹងអាចត្រូវបានពង្រីកដល់៦ដំណាក់កាល។

លោកបានបន្ថែមថា ថវិកាចំនួន១៤,៣ពាន់លានបាត (ប្រហែល៤០៨,៩១លានដុល្លារអាមេរិក) ដែលទទួលបានពីក្រុមហ៊ុន Bangkok Airways Airport Leasehold Real Estate Investment Trust (BAREIT) នឹងត្រូវយកមកវិនិយោគនៅក្នុងគម្រោងអាកាសយានដ្ឋាននេះ។

គម្រោងអាកាសយានដ្ឋាននេះ ជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន BBS រួមទាំងក្រុមហ៊ុន Bangkok Airways និងគណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់រដ្ឋាភិបាល ក្រោមសម្បទានរយៈពេល៥០ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here