សម្ដេចតេជោ: កសាងទីក្រុងវៃឆ្លាតដោយប្រើប្រាស់យន្តការពីរ ជាទិសដៅដ៏ត្រឹមត្រូវសម្រាប់បច្ចុប្បន្ន និងអនាគត

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោកបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ទីក្រុងឆ្លាតមានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់ សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានតាមគន្លងប្រក្រតីភាពថ្មី។

សម្តេចបានបន្ថែមថា ទីក្រុងឆ្លាតនឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គមសេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារមុខរបរ និងអាជីវកម្មដល់ប្រជាជនទូទៅក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល។

សម្តេចបានបន្តថា ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង។

ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួលដល់ការធ្វើការអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here