ដោយ: លាងហួរ
វ៉ាស៊ីនតោន: យោងតាមក្រុមហ៊ុន S&P Global និង Morgan Stanley បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសជប៉ុន និងអាល្លឺម៉ង់ ដើម្បីក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី៣ នៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNBC កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
ក្រុមហ៊ុន S&P បានព្យាករណ៍បែបនេះដោយផ្អែកលើកំណើនផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ (Nominal GDP) ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ដែលនឹងមានជាមធ្យម៦,៣ភាគរយ រហូតដល់ឆ្នាំ២០៣០។
-->
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុសកល Morgan Stanley បានព្យាករណ៍ថា GDP របស់ឥណ្ឌាអាចនឹងកើនឡើងទ្វេរដង ពីកម្រិតបច្ចុប្បន្ន នៅក្នុងឆ្នាំ២០៣១ខាងមុខ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley ដឹកនាំដោយលោក Ridham Desai និងលោកស្រី Girish Acchipalia បានសរសេរ នៅក្នុងរបាយការណ៍នេះថា ប្រទេសឥណ្ឌាមានលក្ខខណ្ឌជាច្រើន សម្រាប់ការរីកចំរើនផ្នែកសេដ្ឋកិច្ច ដែលជំរុញដោយការនាំចេញ ការវិនិយោគក្នុងការផលិត ការផ្លាស់ប្តូរថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបរបស់ប្រទេសនេះ ហើយកត្តាជំរុញទាំងនេះនឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមានសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនធំជាងគេទីបីរបស់ពិភពលោក នៅមុនចុងបញ្ចប់នៃទសវត្សរ៍នេះ។

ប្រទេសឥណ្ឌាបានប្រកាសពី កំណើនសេដ្ឋកិច្ចរបស់ខ្លួនចំនួន៦,៣ភាគរយសម្រាប់ត្រីមាសខែកក្កដាដល់ខែកញ្ញា ពោលគឺខ្ពស់ជាងការព្យាករណ៍ ក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters។
នៅមុននេះ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានកើនឡើងរហូតទៅដល់១៣,៥សម្រាប់ខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយកំណើនដ៏ខ្ពស់នេះត្រូវបានជំរុញ ដោយតម្រូវការក្នុងស្រុកដ៏រឹងមាំនៅក្នុងវិស័យសេវាកម្ម។
ការព្យាករណ៍របស់ក្រុមហ៊ុន S&P គឺពឹងផ្អែកលើការបន្តសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កំណែទម្រង់ទីផ្សារការងារ ក៏ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សរបស់ប្រទេសនេះផងដែរ៕
