ព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបើកដំណើរការចុះចតជាលើកដំបូងនៅខែតុលាឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ព្រលានយន្តហោះសៀមរាបអង្គរគ្រោងបើកដំណើរការចុះចតជាលើកដំបូង នៅក្នុងខែតុលា ឆ្នាំ២០២៣ ខណៈព្រលានយន្តហោះថ្មីនេះគ្រោងបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

នេះបើយោងតាមការបញ្ជាក់របស់លោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co., Ltd កាលពីថ្ងៃទី០១ ខែធ្នូម្សិលមិញ នៅក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Nippon Koei នៃប្រទេសជប៉ុន និងក្រុមហ៊ុន HAYSTACK នៃប្រទេសកាណាដា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិ បញ្ជាកក់សេវាដឹកជញ្ជូនតាមប្រព័ន្ធ Digital Mobility as a Service (MaaS)។

លោកបានបន្តថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ។ លោកបានឱ្យដឹងទៀតថា ការបង្កើត MaaS Project សម្រាប់អ្នកទេសចរបញ្ជាកក់សេវាដឹកជញ្ជូនតាមប្រព័ន្ធ Digital ជាការផ្តល់សេវាថ្មីមួយ ខណៈព្រលានយន្តហោះខ្នាតធំថ្មីនេះគ្រោងធ្វើការបើកទទួលការចុះចតជាលើកដំបូង នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគាំទ្រពេញទំហឹងចំពោះសមិទ្ធផលថ្មីនេះ ព្រោះព្រលានយន្តហោះថ្មី នឹងនាំមកនូវការងារច្រើនសម្រាប់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនអ្នកទេសចរក្នុងខេត្តសៀមរាប។

លោកបានជំរុញឱ្យសមាគមអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវមានកិច្ចសហការជាមួយក្រុមហ៊ុន YUNAN AIR INVESTMENT ( Cambodia) AIR Management Co., Ltd ដើម្បីបន្តដំណើរប្រកបមុខរបរនៃសេវាដឹកជញ្ជូនភ្ញៀវ នៅអាកាសយានដ្ឋានថ្មីនេះតទៅទៀត។

លោក គីម ផល្លី ប្រធានសមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងថា ការបង្កើត MaaS Project ជាផ្នែកមួយបានជួយសម្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមានភាពងាយស្រួលក្នុងការបញ្ជាកក់សេវាដឹកជញ្ជូន ក្នុងវិស័យទេសចរណ៍ឱ្យមានភាពប្រសើរឡើង ក៍ដូចការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ស្របទៅតាមពាក្យស្លោកពោលថា Smart City៕

LEAVE A REPLY

Please enter your comment!
Please enter your name here