ដោយ៖ សុផារី
បាត់ដំបង៖ ដើម្បីចូលរួមលើកកម្ពស់កែលំអសោភ័ណភាពទីក្រុងបាត់ដំបង ដែលនឹងក្លាយទៅជាទីក្រុងទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង បានគ្រោងនឹងសាងសង់នូវសមិទ្ធផលថ្មីសំខាន់ចំនួន៣បន្ថែមទៀត នៅចំកណ្តាលទីក្រុងបាត់ដំបង ខណៈប្លង់គោលត្រូវបានសិក្សាបញ្ចប់ទាំងស្រុងហើយ ហើយការស្ថាបនាសាងសង់នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមិទ្ធផលសំខាន់ទាំង៣នោះ រួមមាន ទី១.ការស្ថាបនាវិមានឯករាជ្យ ទី២.សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងទី៣.ផ្សាររាត្រីបាត់ដំបង ហើយទីតាំងស្ថាបនាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺស្ថិតនៅក្នុងបរិវេណនៃសួននាគបាញ់ទឹក និងតំបន់ជំវិញនៃវិថីម្ហូបអាហារ ដែលក្រុមអាជីវករកំពុងប្រកបរបរអាជីវកម្មលក់ដូរនៅទីនោះ នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់ដូររបស់ពួកគាត់ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ នៅតាមបណ្តោយសួនច្បារផ្លូវភ្លោះខាងកើតដើមពោធិ៍នាគបាញ់ទឹក។ ការរៀបចំបែបនេះគឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅធ្វើការដើរលេងកម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។