តើទីតាំងណាខ្លះនៃរាជធានីដែលផ្តល់ឱកាសចំណេញខ្ពស់ដល់ការវិនិ យោគលើវិស័យអចលនទ្រព្យ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកវិនិយោគនានាតែងតែមើលឃើញឱកាស និងសក្តានុពលតំបន់និមួយៗខុសៗគ្នា អាស្រ័យលើការគិត និងបណ្តាញព៌តមានដែលពួកគេទទួលបាន។

អ្នកជំនាញបង្ហើបទីតាំងសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ដែលត្រូវបានមើលឃើញថា នឹងមានតម្លៃដីខ្ពស់ជាងមុនបន្ថែមទៀត ព្រមទាំងអាចផ្តល់ផលចំណេញខ្ពស់ ដល់ការវិនិយោគក្នុងរយៈពេលមធ្យម។​

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Advance លោក ឡុង គីមសួគ៌បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងកំឡុងពេលនេះ ខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ ជាខណ្ឌចំនួនពីរ ដែលតម្លៃអចលនទ្រព្យនឹងមានការកើនឡើងខ្ពស់ នាពេលអនាគត។

ទីតាំងទី១

ខណ្ឌសែនសុខ ជាខណ្ឌដែលមានការអភិវឌ្ឍ លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយតម្លៃដីថ្លីនៅក្នុងខណ្ឌមួយនេះ នៅមានឱកាសអាចឡើងថ្លៃបានទៀត។

 

លោកបញ្ជាក់ថា “ខ្ញុំគិតថា តម្លៃដីដែលអាចទិញលក់ចំណេញ បានល្អ គឺនៅក្នុងខណ្ឌសែនសុខ”។

ទីតាំងទី២

ខណ្ឌច្បារអំពៅ ជាទីតាំងប្រមូលផ្តុំ ដោយការរស់នៅរបស់ប្រជាជនជាច្រើន។ ជាពិសេស ជាទីតាំងប្រមូលផ្តុំដោយគម្រោងធំៗ ទាំងគម្រោងរដ្ឋាភិបាល និងគម្រោងឯកជន ជាក់ស្តែងគម្រោង កោះនរាហ៍ គម្រោងផ្សារទំនើបរបស់ប៉េង ហ៊ួត ជាដើម។

លោកលើកឡើងថា “ប្រសិនបើយើងមើលពីរបាយប្រជាជន រស់នៅ ខណ្ឌច្បារអំពៅ មានប្រជាជនច្រើនជាងគេហើយកកស្ទះជាងគេ។ លើសពីនេះ មានគម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើននៅជុំវិញខណ្ឌមួយនេះ ដូចជា គម្រោ​ងអភិវឌ្ឍន៍កោះនរាហ៍ ផ្សារទំនើបក្រុមហ៊ុនប៉េងហួត ស្ពានមិត្តភាពកម្ពុជាកូរ៉េ ភ្នំពេញ-អរិយក្សត្រ ជាដើម”។

លោកបន្តថា កត្តាចំនួនពីរបានជំរុញឱ្យតម្លៃអចលនទ្រព្យ មានការកើនឡើង រួមមាន ទី១ ស្ថិតិប្រជាជន ទី២ ដំណើរការអាជីវកម្ម និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកបញ្ជាក់ថា “តំបនណាមានប្រជាជនរស់នៅច្រើន មានសកម្ម​ភាពអាជីវកម្មខ្លាំង បូករួមការអភិវឌ្ឍ នោះតំបន់នោះនឹងមានការឡើងថ្លៃអចលនទ្រព្យ”។

ចំណែកលោក ខាត់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃដដែលថា តំបន់ជាយក្រុង នឹងនៅតែទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគដីធ្លី ដូចជា តំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់ផ្លូវជាតិលេខ១ តំបន់ផ្លូវជាតិលេខ២ តំបន់ផ្លូវជាតិលេខ៥ តំបន់ផ្លូវជាតិលេខ៦ តំបន់អរិយក្សត្រ ។ល។

លោកបន្ថែមថា “នៅជុំវិញភ្នំពេញ នៅតែមានឱកាស នៅប៉ែកផ្លូវជាតិលេខ៥ លេខ៦ លេខ១ លេខ២ ព្រោះហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយផ្លូវមួយចំនួន នៅមិនទាន់មាននៅឡើយទេ។ នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀត មានឱកាសច្រើន”។

លោកសុវណ្ណលើកឡើងថា តំបន់ទាំងឡាយខាងលើនេះ អាចផលចំណេញខ្ពស់ក៏ពិតមែន តែចំនួននៃអ្នកឈានជើងចូល ទៅវិនិយោគក៏មានចំនួនច្រើនផងដែរ។ ដូច្នេះ អ្នកដែលមានបំណងចង់ប្រឡូក ក្នុងវិស័យនេះ ត្រូវសិក្សាស្វែងយល់ពីកំណើបតម្លៃ និងអត្រាតម្លៃដីធ្លីនៅក្នុងតំបន់ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here