ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញអាចនឹងបន្តស្ថិតក្នុងសភាពទ្រឹងនៅក្នុងឆ្នាំ២០២៣ ខណៈប្រទេសក្នុងតំបន់ធ្លាក់ចុះ

0

ដោយៈ សុផារី

ភ្នំពេញៈទីផ្សារជួលការិយាល័យ ក្នុងក្រុងភ្នំពេញ នឹងបន្តសកម្មភាពទ្រឹងនៅក្នុងឆ្នាំ២០២៣បន្តទៀត ខណៈស្ថានភាពទីផ្សារជួលការិយាល័យក្នុងបណ្តាប្រទេសជិតខាងកម្ពុជា នឹងប្រឈមនឹងការធ្លាក់ចុះ ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

នេះបើយោងតាមការព្យាករណ៍ នៅក្នុងរបាយការណ៍ Asia Pacific Outlook 2023 របស់ក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ី   ហ្វិក ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ។

របាយការណ៍ខាងលើឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ ផ្ទៃក្រឡាផ្គត់ផ្គង់សរុបនៃទីផ្សារការិយាល័យ នៅក្នុងតំបន់នឹងកើនឡើងដល់១៤៨លានម៉ែត្រក្រឡា ខណៈផ្ទៃ៤លានម៉ែត្រក្រឡា នឹងត្រូវបានបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ Knight Frank ព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៣ ទីផ្សារមួយនេះ នឹងចាក់បញ្ចូលការផ្គត់ផ្គង់បន្ថែម ដល់ទៅ១២,៥លានម៉ែត្រក្រឡា ដែលត្រូវជា៨ភាគរយបន្ថែមទៀតទៅក្នុងទីផ្សារ។

ប្រភពដដែលនេះបានព្យាករណ៍ឱ្យដឹងថា នៅក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៣ខាងមុខនេះ ទីផ្សារជួលការិយាល័យនៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានឹងស្ថិតនៅទ្រឹង ដែលមានភាពល្អប្រសើរជាងស្ថានភាពនៃទីក្រុងបាងកក នៃប្រទេសថៃ និងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ដែលនឹងមានការធ្លាក់ចុះ។

ក្រៅពីទីក្រុងបាងកក និងហូជីមិញ ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន និងទីក្រុងកូឡាំឡាំពួរ នៃប្រទេសម៉ាឡេស៊ី ក៏ប្រឈមនឹងការធ្លាក់ចុះផងដែរ។ ផ្ទុយទៅវិញ ទីផ្សារការិយាល័យ នៅក្នុងទីក្រុងមួយចំនួននៅក្នុងតំបន់ ក៏ហាក់មានសញ្ញាវិជ្ជមានល្អប្រសើរឡើងផងដែរ ជាអាទិ៍ ប្រទេសសិង្ហបុរី ហុងកុង ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here