អ្នកជំនាញលើកឡើងពីពេលវេលាដែលទីផ្សារដីឡូត៍នឹងមានស្ថានភាពល្អប្រសើរឡើងវិញ

0

ដោយ: សុផារី

ភ្នំពេញ: ទោះបីជាស្ថានភាពទីផ្សារដីឡូត៍ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះប្រឈមនឹងការលក់ធ្លាក់ចុះក្តី តែទីផ្សារមួយនេះនៅតែអាចបន្តសកម្មភាពយូរឆ្នាំទៅមុខទៀត ហើយក្នុងពេលឆាប់ៗនេះ នឹងមានភាពល្អប្រសើរឡើងវិញ។

លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសា សន៍ នៅថ្ងៃទី៣ ខែធ្នូថា អាជីវកម្មដីឡូត៍ នឹងនៅតែបន្តដំណើរការ១០ ទៅ២០ឆ្នាំទៀត។ អតិថិជនដែលទិញដីឡូត៍នៅកម្ពុជា គឺប្រជាជនវ័យក្មេង ដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះ ឬខុនដូ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បង្ហាញសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារដីឡូត៍ ដោយលើកឡើងថា ដីឡូត៍នឹងដំណើរការល្អឡើងវិញ នៅពេលដែលសេដ្ឋកិច្ចជាតិមានលំនឹង ជាពិសេសទីផ្សារឧស្សាហកម្ម និងសេវាកម្ម ក្នុងប្រទេសដំណើរការល្អប្រសើរឡើងវិញ ដោយសារតែអតិថិជនដែលទិញដីឡូត៍ ភាគច្រើនជាក្រុមអ្នកធ្វើការនៅក្នុងទីផ្សារទាំងនេះ។

លោកបណ្ឌិតគូសបញ្ជាក់ថា “នៅពេលសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដំណើរការល្អ មនុស្សដែលធ្វើការនៅក្នុងវិស័យទាំងនេះមានការងារធ្វើ មានចំណូលថេរ ស្ថានភាពសេដ្ឋកិច្ចគាត់ដើរ នោះគាត់មានលុយ នឹងទិញដីឡូត៍ទៀតហើយ”។

យ៉ាងណាក្តី លោកបណ្ឌិតមើលឃើញថា នាពេលបច្ចុប្បន្ននេះស្ថានភាពដីឡូត៍នៅមានភាពតានតឹងបន្តិច ដោយសារស្ថានភាពទីផ្សារសេវាកម្មទើបតែបើកដំណើរការដោយការប្រុងប្រយ័ត្នខ្ពស់ ហើយអ្នកធ្វើការក្នុងវិស័យនេះ មិនទាន់អាចមានស្ថិរភាពចំណូល ដែលធ្វើឱ្យគាត់សម្រេចចិត្តទិញដីឡូត៍នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here