ក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាបកើនឡើងច្រើន

0

  ដោយៈគង់ សូរិយា

       សៀមរាបៈ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ទទួលបានកំនើនការហោះហើរតភ្ជាប់ពីបណ្តាខេត្ត និងប្រទេសនានាកើនឡើងច្រើន ​ដែលចំនួនជើងហោះហើរមានចន្លោះពី១៥ -១៦ជើងក្នុង១ថ្ងៃ និងនាំមកនូវភ្ញៀវអន្តរជាតិខ្ទង់ពាន់នាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញកាលពី​ចុងសប្តាហ៍មុនបានឲ្យដឹងថា ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើន ភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេស ចូលក្នុងខេត្តនេះមានចាប់ពី១៦- ១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។

ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ការធ្វើដំណើតាមផ្លូវគោក របស់ភ្ញៀវអន្តរជាតិ ចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានចំនួនជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here